(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូចូលរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិក្តុល ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រហវិហារ។
លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រកឆែប បានថ្លែង ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ក្នុងទិសដៅពីកើត ទៅទិសខាងលិច លុះដល់មកចំណុចផ្លូវកោង ដោយសារល្បឿនម៉ូតូលឿនពេក ក៏បើកចូលរថយន្តដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោមកង់រថយន្តតែម្តង។
លោកអធិការស្រុក បានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ លិន ណែត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្មាច់ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បើកបរម៉ូតូម៉ាកសេ១២៥ ស៊េរី០១៣ ពាក់ស្លាកលេខព្រះវិហារ 1B-1033 ចំណែករថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខព្រះវិហារ 3A-0128 អ្នកបើកបររថយន្តបានរត់គេចខ្លួន។
បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ចបាននាំវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕