(សៀមរាប)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ៥៧,៧៣៥នាក់ ខណៈភ្ញៀវទេសចរដែលទៅទស្សនានៅទូទាំងខេត្តសៀមរាបមានចំនួន ៩០,៤៨៥នាក់។ នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ Fresh News នារសៀលថ្ងៃទី១៩ ខែសីហានេះ។

យោងតាមតួលេខរបស់គ្រឹះស្ថានអង្គរ លោក ង៉ូវ សេងកាក់ បានបញ្ជាក់ពីស្ថិតិភ្ញៀវទេសចរសរុបដែលទៅទស្សនារមណីយដ្ឋានអង្គរទាំង ៥៧,៧៣៥នាក់នោះ ដូចខាងក្រោម៖

* ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ១២,៧៤៧នាក់ និងភ្ញៀវអន្តរជាតិ ២៣៤នាក់។

* ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ១៦,៨៣៦នាក់ និងភ្ញៀវអន្តរជាតិ ៥០៤នាក់។

* ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ២៦,៨៤៦នាក់ និងភ្ញៀវអន្តរជាតិ ៥៦៨នាក់។

ជាមួយគ្នានេះដែរ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប និងសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលបានទៅទស្សនារមណីយដ្ឋានអង្គរ ព្រមទាំងចូលរួមសកម្មភាពពង្រឹងវិធានការការពារជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់ផងដែរ៕