(កំពង់ធំ)៖ លោក Nuttavudh PHOTISARO ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ា ភារម្យមានារង្សី ប្រធានគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រថៃ បានដឹកនាំក្រុមមន្រ្តី និងថ្នាក់ដឹកនាំក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើដំណើររួមគ្នាតាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យកន្លែង ដែលម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន នឹងយាងទៅបើកការដ្ឋានសាងសង់វិទ្យាស្ថានកំពង់ឈើទាល ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ស្វាគមន៍គណៈប្រតិភូថៃ នាព្រឹកមិញនោះ សម្រាប់ខេត្តកំពង់ធំដឹកនាំដោយលោក គង់ វិមាន អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា គណៈប្រតិភូថៃ និងតំណាងក្រសួងការបរទេសកម្ពុជា បានអញ្ជើញពិនិត្យទីតាំងសម្ភោធសមិទ្ធិផលនានាដែលជាជំនួយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី ស៊ីរីនដន។
សមិទ្ធិផលទាំងនេះ គ្រោងធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់់ដែលមានអាគារអនុសាខាកាកបាទក្រហមស្រុក វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងអាគារសូឡាដែលមានទំហំ (៣២ម៉ែត្រ និង៦០ម៉ែត្រ)ផ្ទាំងសូឡាចំនួន៥០៤ មានអាគុយ ១៥០០អំពែ បណ្ណាល័យ បន្ទប់សុខភាព បន្ទប់ហាត់សិល្បៈ ការបង្រៀន និងរៀន សួនកសិកម្ម និងគ្រោងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំក្រសួង លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅតំបន់នោះផងដែរ។ សូមបញ្ជាក់ថា ម្ចាស់ក្សត្រី ស៊ីរីនដន នឹងយាងមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅអំឡុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រីថៃ ស៊ីរីនដន នឹងយាងទៅបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យា នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News វិទ្យាស្ថានបច្ចេកវិទ្យានេះ ទទួលជំនួយសាងសង់អគារ និងការបំពាក់គ្រឿងបរិក្ខា ដោយម្ចាស់ក្សត្រី ស៊ីរិនដន។ បើតាមលោក រស់ សាលីន វិទ្យាស្ថានបច្ចេកវិទ្យានេះ នឹងចូលរួមចំណែកជួយបណ្តុះបណ្តាលជំនាញបច្ចេកដល់សិស្សខ្មែរចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ឧត្តមសិក្សា៕