(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ដែលដាក់ចំណងជើងថា «Mystery in Cambodia over missing Covid-positive Chinese - The Cambodia Daily» និងការចុះផ្សាយរបស់សារព័ត៌មាន UCA News ដែលមានចំណងជើថា «Mystery in Cambodia over missing Covid-positive Chinese - UCA News» ដែលចុះផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចុះផ្សាយនេះ គឺជាការផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត ហើយការដែលបានសរសេរថា៖ «ក្រសួងសុខាភិបាលព្រួយបារម្ភពីករណីជនជាតិចិនចំនួន ០៦នាក់ ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយស្ថានទូតចិនប្រចាំនៅកម្ពុជា ជំរុញមិនឲ្យមានការដាក់បញ្ចូល ក្នុងសេចក្តីរាយការណ៍ របស់ក្រសួងជូនសាធារណជនជាប្រចាំថ្ងៃ ក៏ជាព័ត៌មានមិនពិតដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងតែងតែចេញផ្សាយព័ត៌មានស្តីពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី អ្នកព្យាបាលជាសះស្បើយ និងអ្នកកំពុងនៅសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន ប្រកបដោយតម្លាភាព ដោយមិនមាន ការលាក់លៀមអ្វីទាំងអស់ ហើយក៏មិនមានការបាត់ករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅក្នុងប្រទេសកម្ពុជានោះទេ។ ចំណែកឯ ករណីជនជាតិចិនទាំង ០៦នាក់ ដែលបានលើកឡើងនោះ គឺមិនមានភាពអាថ៌កំបាំងអ្វីនោះឡើយ ដោយពួកគាត់ទាំង ០៦នាក់នេះ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ដែលមិនមានភាពចាំបាច់ដែលត្រូវរាយការណ៍ជាសាធារណ: ដូចដែលក្រសួង មិនដែលបានរាយការណ៍នូវរាល់បុគ្គលដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ តាំងពីចាប់ផ្តើមមានការរកឃើញអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ លើកលែងតែអ្នកដែលត្រូវបានពិនិត្យព្យាបាលជាសះស្បើយតែប៉ុណ្ណោះ។
លោកស្រីបានបញ្ជាក់ទៀតថា៖ ដោយសារមានការចុះផ្សាយធ្វើឲ្យមានការយល់ច្រឡំ បង្កឲ្យមានភាពមិនច្បាស់លាស់លើវិធានការ និងការខិតខំរបស់ក្រុមការងារទាំងថ្ងៃទាំងយប់នោះ ក្រសួងសុខាភិបាល សូមជម្រាបបញ្ជាក់ជូនផងដែរថា ជនជាតិចិនទាំង ០៦នាក់នេះ គឺពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រុមការងារអន្តរវិស័យ ដែលមានក្រុមការងារក្រសួងសុខាភិបាលផងដែរនោះ បានខិតខំបំពេញភារកិច្ចបានយ៉ាងហ្មត់ចត់ រហូតដល់រំលងអាធ្រាត្រដោយមិនទាំងបានសម្រាកផងនោះ បានធ្វើតេស្តពួកគាត់ពេលមកដល់ភ្លាម និងឲ្យពួកគាត់នៅដាច់ដោយឡែកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីរងចាំលទ្ធផល ហើយបន្ទាប់មក ក៏ទទួលបានលទ្ធផលមានភាពមិនច្បាស់លាស់ និងដោយមានកិច្ចសហការល្អពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រុមការងារបានចាត់ចែងដើម្បីធ្វើតេស្តសារឡើងវិញ ដែលជាលទ្ធផលនៃការធ្វើតេស្តលើកទីពីរ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជនជាតិចិនទាំង ០៦នាក់នោះ មិនមានផ្ទុកនៅវីរុសកូវីដ-១៩ នោះឡើយ។
លោកស្រីបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ តេស្តលើកទី៣ ក៏បានធ្វើឡើងទៀត ដោយទទួលបានលទ្ធផលអវិជ្ជមាន និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ទៅបន្តធ្វើចត្តាឡីស័កនៅតាមទីកន្លែងស្នាក់នៅរបស់ពួកគាត់ក្រោមការតាមដានរបស់ក្រុមការងារ និងការជួយសហការ ពីស្ថានទូតចិនប្រចាំនៅកម្ពុជា។ រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ពួកគាត់ទាំង០៦នាក់នេះ មិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នោះឡើយ ហើយតេស្តលើកទី៤ ក៏បានធ្វើឡើងបន្ថែមទៀត ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុស-១៩ ដែរ។
«ដូច្នេះ ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានកាំបូឌាដេលី និង UCA News ខាងលើ ដែលបានលើកឡើងផ្ទុយពីការពិតទាំងស្រុង ហើយក្រសួង ក៏មិនដែលបានបញ្ជាក់ជូន ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីជនជាតិចិនទាំង ០៦នាក់ និងការបារម្ភរបស់ក្រសួង ឬខ្លឹមសារព័ត៌មានទៅសារព័ត៌មានទាំងពីរខាងលើនេះនោះដែរ ។
ក្រសួងសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីទទួលបានព័ត៌មានពិតប្រាកដសម្រាប់ការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពត្រឹមត្រូវ ចៀសវាងធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ដោយសារតែព័ត៌មានមិនច្បាស់លាស់ មិនពិត ឬចេះតែសរសេរលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬមិនដឹងរឿងពិតនៃហេតុការណ៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសង្គម និងប្រទេសជាតិផងដែរ។
ក្រសួងសុខាភិបាល បានស្នើសុំឲ្យមានការកែតម្រូវនូវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានកាំបូឌាដេលី និង UCA News ស្តីពីករណីជនជាតិចិនទាំង ០៦នាក់ ដូចក្រសួងបានបញ្ជាក់ជូនខាងលើនេះស្រាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមលុបបំបាត់ព័ត៌មានមិនច្បាស់លាស់ ព័ត៌មានមិនពិត ព័ត៌មានខុស ឬព័ត៌មានប្រឌិត ដើម្បីរក្សាសេចក្តីថ្លៃថ្នូរក្នុងសង្គម និងមិនមានភាពចលាចលក្នុងសង្គមផងដែរ៕