(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មស្នាក់នៅទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា វិធានសុវត្ថិភាពទាំងនោះ មានដូចជា៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណអាជីវកម្មឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ (ជាពិសេសនៅក្នុងបន្ទប់ស្នាក់នៅ) និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មស្នាក់នៅទេសចរណ៍។
ក្រសួងទេសចរណ៍ សូមជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ សម្រាកកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាពផងដែរ៕