(ដាណឺម៉ាក)៖ មន្ត្រីសុខាភិបាលរបស់ប្រទេសដាណឺម៉ាក បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា បុរសម្នាក់ត្រូវបានរកឃើញករណីឆ្លងវីរុស Zika ដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក និងបានអំពាវនាវឲ្យជនជាតិខ្លួនទាំងអស់កុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសមួយចំនួននៅអាមេរិកឡាទីន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា។
នៅថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីសុខាភិបាលនៃប្រទេស Puerto Rico ក៏បានប្រកាសឲ្យដឹងថា មានអ្នកឆ្លងជំងឺ Zika ចំនួន ១៨ករណី ខណៈដែលជាង ២០០ករណីទៀត កំពុងតែធ្វើការស៊ើបអង្កេត ហើយស្របពេលជាមួយគ្នានោះដែរ នៅឯ Costa Rica វិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសនេះ ក៏បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ Zika ដំបូងម្នាក់ផងដែរ ដែលបុរសនោះមានវ័យ ២៥ឆ្នាំ បានឆ្លងជំងឺនេះ នៅក្នុងអំឡុងពេលដំណើរកម្សាន្តទៅកាន់ប្រទេសកូឡុំប៊ីកាលពី ប៉ុន្មានថ្ងៃមុន។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕