(ភ្នំពេញ)៖ មេសហជីពនៅប្រទេសកម្ពុជា លើវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះសំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានសុំឲ្យរដ្ឋាភិបាលវ៉ាស៊ីនតោន លើកលែងការយកពន្ធ សម្រាប់ទំនិញនាំចេញពីប្រទេសកម្ពុជា ក្នុងនោះក៏មានផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលផលិតនៅកម្ពុជាផងដែរ។
នៅថ្ងៃម្សិលមិញ ក្នុងជំនួបពិភាក្សា នៅវិមានសន្តិភាព ជាមួយប្រមុខការទូត ប្រទេសមហាអំណាចលោក John Kerry សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំឲ្យអាមេរិក លើកលែងការយកពន្ធ នាំចូលទំនិញពីកម្ពុជា ដើម្បីបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា ឲ្យបានទូលំទូលាយ ឲ្យប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួល ក្នុងការនាំចេញផលិតផលពី កម្ពុជាចេញទៅទីផ្សារអាមេរិក។
ជុំវិញសំណើរមួយនេះលោក សោម អូន ប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដែលតំណាងឲ្យសមាគម និងសម្ព័ន្ធសហជីពជាច្រើន នៅប្រទេសកម្ពុជា បានថ្លែងថា «ខ្ញុំសូមគំាទ្រយ៉ាងខ្លាំង ជាពិសេសលើផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលបានផលិតនៅក្នុងប្រទេស ដែលនាំឲ្យនិយោជកបរទេស កាន់តែចាប់អារម្មណ៍ទីផ្សារវិនិយោគ លើវិស័យឧស្សាហកម្មនៅកម្ពុជាកាន់តែខ្លាំងឡើង»។
ត្រង់ចំណុចនេះ មេសហជីពលោក សោម អូន បានបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ដោយសារតែអាមេរិក បានលែកលែងការយកពន្ធ នៃការចូលនាំចេញទំនិញ ពីប្រទេសវៀតណាម និងភូមានោះ បានធ្វើឲ្យថោកែរោងចក្រជាច្រើន បានសម្រុកទៅវិនិយោគនៅទីនោះ ជាពិសេសប្រទេសវៀតណាមតែម្តង។ ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០១៥ នៅប្រទេសកម្ពុជា មានរោងចក្រចំនួន១៥០រោងចក្រ ត្រូវបានបិទទ្វារ ហើយសម្រេចបង្វែរទៅដាក់ការវិនិយោគ នៅប្រទេសដទៃ ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ។
យោងតាមសេចក្តីរាយការណ៍ មួយចំនួនបានបង្ហាញថា មូលហេតុដែលនាំឲ្យថៅកែរោងចក្រ បានបិទទ្វារ នៅប្រទេសកម្ពុជា គឺបណ្តាលមកពីកត្តាមួយចំនួន រួមមមាន ការតំម្លើងប្រាក់ខែខ្ពស់ជាង ប្រទេសវៀតណាម និងប្រទេសភូមា ចលនាការធ្វើកូដកម្មជាញឹកញ៉ាប់ របស់សហជីពមួយចំនួននៅកម្ពុជា និងសហជីពខ្លះនៅកម្ពុជា មិនទាន់មានលក្ខណៈបំពេញតាមវិជ្ជាជីវៈនៅឡើយ។
នៅថ្ងៃម្សិលមិញសម្តេចតេជោ បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចដែលមានអ្នកគាំទ្រជាង ២លាននាក់ ថា «នៅក្នុងជំនួបថ្ងៃម្សិលមិញរវាងខ្ញុំ និង John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានរយៈពេលជាង១ម៉ោង នៅវិមានសន្តិភាព គឺបានទទួលលទ្ឋផលវិជ្ជមានល្អជាច្រើនសម្រាប់កម្ពុជា។ ខ្ញុំបានស្នើទៅអាមេរិក ឲ្យបើកទីផ្សារសម្រាប់ផលិត ផលកម្ពុជា ឲ្យបានទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួលក្នុងការនាំចេញផលិតផលពីកម្ពុជាចេញទៅទីផ្សារអាមេរិក»។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់ជំនួបថា សម្តេចតេជោបានស្នើឱ្យ លោក John Kerry ជួយជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនលើកលែងពន្ធទូទៅ នៃទំនិញពីប្រទេសកម្ពុជា។ បន្ទាប់ពីដាក់សំណើនេះ លោក Kerry បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន វិញថា នឹងយកទៅពិចារណាជាមួយនឹង រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ថែមទៀត៕