(បារាំង)៖ យោងតាមព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប៉ូលិសបានធ្វើការអន្តរាគមន៍ នៅតាមវិទ្យាល័យជាច្រើន ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីមានវិទ្យាល័យចំនួន៥កន្លែង បានទទួលការគម្រាមបំផ្ទុះគ្រាប់បែក តាមរយៈទូរស័ព្ទ នេះបើតាមអាជ្ញាធរវិស័យអប់រំក្រុងប៉ារីសបានបញ្ជាក់យ៉ាងដូច្នេះ។
«សិស្សកំពុងស្ថិតនៅទីធ្លានៃសាលារៀន ហើយយើងកំពុងរង់ចាំ ក្រុមអ្នកបំផ្ទុះគ្រាប់បែក» នេះបើតាមសម្តីវិទ្យាល័យ Louis Le Grand ជាវិទ្យាល័យមួយ ក្នុងចំណោមវិទ្យាល័យ ដែលរងការគម្រាមបំផ្ទុះគ្រាប់បែក បានឲ្យដឹងយ៉ាងដូច្នេះ។
រហូតមកដល់ពេលនេះ មិនទាន់មានវត្ថុសង្ស័យណាមួយ ត្រូវបានរកឃើញនោះទេ។ គួរជម្រាបថា បារាំងកំពុងស្ថិតនៅក្រោម ការប្រកាសអាសន្នកម្រិតធ្ងន់ ចាប់តាំងពីក្រុម IS បានវាយប្រហារដោយភេរវកម្ម បានសម្លាប់មនុស្សចំនួន ១៣០នាក់ នៅក្នុង និងជុំវិញទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ចិកាកន្លងទៅ៕