(កណ្ដាល)៖ បន្ទាប់ពីក្រុមប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ស្នើរមកលោកស្រី ហេង ម្លប់ ជាមេឃុំនូវប្រឡាយទឹកមួយខ្សែរ ព្រមទាំងស្ដារស្រះ ដើម្បីយកទឹកធ្វើស្រែប្រាំង ព្រមទាំងសុំធ្វើផ្លូវក្នុងភូមិ២ខ្សែរផងនោះ លោកស្រីមេឃុំ ក៍បានទទួលយកសំណើរ ហើយចាត់ចែងគ្រឿងចក្រកាយអាចម៍ដី ស្ដារប្រឡាយ យកទឹកសំរាប់ពលរដ្ឋប្រើប្រាស់ និងអាចម៍ដីសំរាប់ចាក់ធ្វើផ្លូវ និងថែមទាំងធ្វើផ្លូវទំនប់មួយខ្សែរថែមពីលើមួយទៀតផងដែរ។

សកម្មភាពនេះទទួលបានការសាទរយ៉ាងអនេកពីពលរដ្ឋមួយឃុំកំពង់ហ្លួងតែម្ដង ដែលលោកស្រី ហេង ម្លប់ ទទួលយកសំណើរនេះ ហើយដោះស្រាយទាន់ពេលវេលាតាមការចង់បានរបស់ពលរដ្ឋ។

ប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី១៦ ខែសីហានេះ លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង បាននិយាយថា អ្នកស្រីចាត់ឱ្យក្រុមហ៊ុនឯកជនស្ដារប្រឡាយពាមល្វែក ស្ដារស្រះចក ដើម្បីយកទឹកផ្គត់ផ្គង់ស្រែប្រាំងរបស់ពលរដ្ឋ ហើយអាចម៍ដីដែលជីកបាន គឺយកទៅចាក់ធ្វើផ្លូវក្នុងភូមិ ហើយថែមទាំងធ្វើផ្លូវតាមទំនប់មួយខ្សែរថែមទៀតផង ដែលនេះជាការឆ្លើយតបតាមការស្នើរសុំរបស់ពលរដ្ឋ មិនមែនឃុំចេះតែនឹកឃើញធ្វើនោះទេ ។

លោកស្រីបន្តថា សូមច្រានចោលការចោទប្រកាន់របស់ក្រុមមនុស្សមានគំនិតមួយល្អមួយក្រុមដែលដើរញុះញង់ និងផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ក្នុងន័យវាយបំបាក់ បំភ្លៃការពិត ដែលទង្វើទាំងនេះ មានចេតនាមិនល្អ មិនចេះស្រលាញ់ពលរដ្ឋ មិនចេះស្រលាញ់សង្គមជាដើម។

លោកស្រីបានបញ្ជាក់បន្ថែមថា នឹងនៅតែបន្តជួយអភិវឌ្ឍន៍ក្នុងមូលដ្ឋានតាមការចង់បានរបស់ពលរដ្ឋ និងប្ដេជ្ញាបំរើពលរដ្ឋឱ្យបានល្អ មិនឱ្យថ្នាំងថ្នាក់ឡើយ ដ្បិតការដឹកនាំក្នុងឃុំមានខ្វះចន្លោះតិចតួច ក៍សុំឱ្យពលរដ្ឋយោគយល់អធ្យាស្រ័យ និងផ្ដល់ដំណឹងពិតមកលោកស្រីមេឃុំ ដើម្បីលោកស្រីដោះស្រាយទាន់ពេលវេលា៕