(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម របស់ស្ថានទូតថៃប្រចាំនៅកម្ពុជា បានប៉ាន់ប្រមាណថា នៅឆ្នាំ២០១៥កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា-ថៃ គឺបានកើនឡើងរហូតដល់ទឹកប្រាក់ប្រមាណជាង ៥,៥ពាន់លានដុល្លារអាមេរិកដែលចំនួននេះ សម្រេចបានតាមការប្តេជ្ញាចិត្ត ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្ម របស់ប្រមុខដឹកនាំ នៃប្រទេសទាំងពីរ។
អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា លោកស្រី ជី រ៉ាណាន់ វង្សមង្គល បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងសន្និសីតសារព័ត៌មាន ស្តីពីពិព័រណ៍ពាណិជ្ជកម្មថៃ «Top Thai Brands»នាព្រឹកថ្ងៃទី២៧ ខែមករានេះថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា-ថៃ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៥កន្លងទៅមានទំហំទឹកប្រាក់ ៥.១០៦,៥១លានដុល្លារ ក្នុងនោះប្រទេសកម្ពុជា បាននាំចេញទៅប្រទេសថៃ ចំនួន៥៩២,៣៦លានដុល្លារ ខណៈថៃនាំចូលកម្ពុជាវិញ មានរហូតដល់៤.៥១៤,១៤លានដុល្លារ។ លោកស្រីបានបញ្ជាក់ទៀតថា ផលិតផលដែលកម្ពុជា នាំចូលប្រទេសថៃមានដូចជា ដំឡូងមី ពោត អង្ករ កម្ទេចកម្ទីដែកអេតចាយ សម្លៀកបំពាក់ជជុះ និងត្រីកែច្នៃជាដើម។
លោកស្រី ជី រ៉ាណាន់ វង្សមង្គល ក៏បានលើកឡើងផងដែរថា ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសកម្ពុជា-ថៃ ឲ្យបានកាន់តែកើនឡើងថែមទៀតស្របតាម គោលនយោបាយរបស់ ប្រមុខរដ្ឋាភិបាលទាំងពីរ ស្ថានពាណិជ្ជកម្មថៃប្រចាំ នៅប្រទេសកម្ពុជា បានបង្កើនការរៀបចំពិព័រណ៍ពាណិជ្ជកម្ម បន្ថែមទៀតទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីផ្តល់នូវសម្ភារៈប្រើប្រាស់ ទំនិញមានគុណភាព ទៅដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងការពីពេលថ្មីៗកន្លងទៅនេះ ភាគីថៃទើបតែបានបញ្ចប់ ការតាំងពិព័រណ៍ពាណិជ្ជកម្ម នៅខេត្តសៀមរាប ហើយនៅថ្ងៃទី៣-៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដ៏ខ្លីខាងមុខនេះ ភាគីថៃនឹងរៀបចំពិព័រណ៍ ពាណិជ្ចកម្មដែលមានឈ្មោះថា Top Thai Brand ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំឡើងចាប់ពី៩ព្រឹកដល់៩យប់។
លោកស្រី ជី រ៉ាណាន់ បានបញ្ជាក់ឲ្យដឹងថា ក្នុងពិព័រណ៍នេះ គឺខុសប្លែក និងជាលើកទី១នៅកម្ពុជា ដោយពិព័រណ៍នេះរៀបចំ ឡើងដោយជ្រើសរើសតែ ក្រុមហ៊ុនមានផលិតផល Brand ដែលពេញនិយមបំផុត របស់ប្រទេសថៃ ប្រមាណ២៥០ក្រុមហ៊ុន ដែលត្រូវនឹងប្រមាណ៣០០ស្តង់។ តាមការគ្រោងទុកពិព័រណ៍ដ៏ពេញនិយមនេះ រៀបចំបើកសម្ពោធ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយភាគីថៃចូលរួមដោយ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលគ្រោងនិងមានប្រជាជន ពាណិជ្ជករថៃ និងមន្ត្រីថៃប្រមាណ៦០០នាក់។
ផលិតផល Brand ដែលត្រូវតាំងបង្ហាញក្នុងពិព័រណ៌រួមមាន សម្ភារៈសំណង់ អាហារភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងសំអាង ផលិតផលសុខភាព សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈអគ្គិសនីជាដើម។
ដោយឡែកក្រុមហ៊ុនដ៏ធំមួយរបស់ថៃ ដែលចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ គឺក្រុមហ៊ុន Thai Airways លោក Nattakorn Piamprom អ្នកគ្រប់គ្រងទូទៅ បានឲ្យដឹងថា ក្នុងឱកាសដ៏មានតម្លៃ នៃពិព័រណ៍ពាណិជ្ជកម្ម ក្រុមហ៊ុននឹងមានស្តង់បង្ហាញ និងលក់សំបុត្រយន្តហោះ ក្នុងតម្លៃដ៏ពិសេសមិនធ្លាប់មាន ជាមួយនឹងការលេងហ្គេមកម្សាន្ត ជាច្រើនផងដែរ។ លោកបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនបានដឹកជញ្ជូនភ្ញៀវអន្តរជាតិ ចម្រុះជាតិសាសន៍ ចូលមកទស្សនានិងស្នាក់នៅកម្ពុជា ប្រមាណជា១៥ម៉ឺននាក់។
គួរបញ្ជាក់ដែរថា ក្នុងពិព័រណ៌ពាណិជ្ជកម្ម ដែលនឹងត្រូវរៀបចំរយៈពេល៥ថ្ងៃ ខាងមុខនេះភាគីថៃ ក៏បានដឹកនាំពាណិជ្ជករធំៗ ប្រមាណជាជិត១០០នាក់ ដើម្បីធ្វើការផ្គូរផ្គងចាប់ដៃគូ រកស៊ីជាមួយពាណិជ្ជករកម្ពុជាផងដែរ ដោយរំពឹងថា ក្រុមហ៊ុនមួយចំនួន នឹងមានឱកាសរកស៊ីជាមួយគ្នា បន្ទាប់ពីជួបគ្នារួច៕