(ស្វាយរៀង)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត បាននាំយកសម្ភារសំណង់រួមមាន ស៊ីម៉ង់តិ៍១០តោន, ឥដ្ឋ១០,០០០ដុំ និងបច្ច័យ៤លានរៀល ដែលជាអំណោយ ពីលោក ហ៊ុន ម៉ាណែត និងលោកស្រី យកទៅប្រគេនដល់វត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលកំពុងសាងសង់ព្រះវិហារ។
ក្រៅពីអំណោយខាងលើ ក្រុមការងារ ក៏មាននាំយកសម្ភារសិក្សា និងស្បែកជើងចែកជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួន ៥៥នាក់ និងបានផ្តល់ជូនប្រជាពលរដ្ឋជិត ១០០នាក់ ដោយម្នាក់ៗទទួលបានក្រណាត់ស១ដុំ ក្រមា១ និងថវិកា ១០០០០រៀល នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
លោក សាញ់ សុខុន ចៅសង្កាត់បាវិត និងស្តាប់សង្ឃដីកា ថ្លែងអំណរគុណរបស់ព្រះគ្រូចៅអធិការវត្តតាពៅរួច លោក ស្រី សុផាត និងលោក មែ ស៊ីថន បានថ្លែងមតិសំណេះសំណាល ជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ ដោយបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងបានលើកឡើងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមិទ្ធផលនៅវត្តតាពៅ មានភាពរីកចម្រើនយ៉ាងច្រើន ជាពិសេសនៅក្នុងរយៈកាល ប្រមាណ៤ឆ្នាំចុងក្រោយនេះ។
វត្តតាពៅនៅពេលមុន ឬបើមើលតាមរូបភាព នៅឆ្នាំ២០១៤ គឺវត្តមានតែក្លោងទ្វារវត្តដ៏តូចធម្មតា គ្មានសាលាធឆាន់ បរិវេណជាវាលស្រែ និងឃើញមានតែដើមត្នោត បីបួនប៉ុណ្ណោះ។ ប៉ុន្តែបច្ខុប្បន្ន ដោយឥទ្ធិពលសន្តិភាព ទីអារាមនេះ បានលេចឡើងនូវសមិទ្ធផលអគារសាលាធម្មសភាយ៉ាងស្កឹមស្កៃ សំណង់អគារសាសនាជាច្រើន និងកំពុង បន្តកសាងព្រះវិហារថែមទៀតផងដែរ។
តាមការបញ្ជាក់នៅក្នុងឯកសារប្រវត្តិ វត្តតាពៅនេះ ត្រូវបានសាង់សង់ជាយូរមកហើយ ប៉ុន្តែត្រូវបានបោះបង់ចោលនៅឆ្នាំ១៩៤៥ ដោយមិនដឹងមូលហេតុ។ លោក មែ ស៊ីថន បានលើកឡើងថា ទោះបីជាមិនមានកំណត់ត្រាបញ្ជាក់អំពីមូលហេតុ នៃការបោះបង់វត្តតាពៅនៅពេលនោះ យើងក៏នៅតែអាចសន្និដ្ឋានបានថា គឺច្បាស់ជាដោយសារតែហេតុផលសង្គ្រាមមិនខានឡើយ។ ព្រោះនៅឆ្នាំ១៩៤១-១៩៤៥ គឺជាសម័យកាលសង្គ្រាមលោកលើកទី២ ហើយកម្ពុជា ត្រូវបានត្រួតត្រាដោយជប៉ុន។
លោកបានបន្តថា ថ្ងៃនេះ ១៥ សីហា ២០២០ ជាថ្ងៃគម្រប់ ៧៥ឆ្នាំ (១៥ សីហា ១៩៤៥) ជាថ្ងៃដែលជប៉ុនបានចុះចាញ់ និងបានដកចេញពីកម្ពុជា ហើយអាជ្ញាធរបារាំង ក៏បានបង្កើតរដ្ឋបាលគ្រប់គ្រងបន្ត រហូតដល់កម្ពុជាទទួលឯករាជ្យនៅឆ្នាំ១៩៥៣។
លោកបានបន្តថា តាមឯកសារនៅអំឡុងឆ្នាំ១៩៤៥-១៩៤៦ គឺជាពេលវេលាដ៏លំបាកបំផុត ដែលឥណ្ឌូចិនទាំងមូលបានក្រឡាប់ចាក់ ហើយកម្ពុជាក៏ទទួលរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ភូមិឋាន ផ្ទះសម្បែង សាលារៀន និងវត្តអារាមមួយចំនួន ក៏ត្រូវបានខ្ទេចខ្ទាំនិងបោះបង់។
លោកថា ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍនៅសម័យសង្គមរាស្ត្រនិយមប្រមាណជាង ១០ឆ្នាំ ហើយក៏បែកបាក់សាមគ្គី ក្លាយជាចម្បាំផ្ទៃក្នុងប្រទេស ជាបន្តបន្ទាប់ រហូតធ្លាក់ទៅក្នុងសង្គ្រាមប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៥-១៩៧៩។ ចាប់តាំងពីឆ្នាំ១៩៩៨ ឬជាង ២២ឆ្នាំមកនេះ កម្ពុជាបានរស់សុខសាន្ត ក្រោមម្លប់សន្តិភាព ហើយសន្តិភាពដ៏មានតម្លៃនេះហើយ ដែលយុវជនជំនាន់នេះ និងជំនាន់ក្រោយៗទៀត ត្រូវតែបន្តចូលរួមការពារ និងថែរក្សាឲ្យបានគង់វង់។
នៅក្នុងឱកាសនោះផងដែរ ក្រុមការងារ រួមជាមួយក្មួយៗសិស្សានុសិស្ស ពុទ្ធបរិស័ទ និងព្រះសង្ឃគ្រប់ព្រះអង្គ បានរួមគ្នាដាំកូនឈើប្រណិត ៦០០ដើមនៅក្នុងបរិវេណវត្ត ប្រកបដោយភាពសប្បាយរីករាយ សេចក្តីជ្រះថ្លា និងសាមគ្គីភាព៕