(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពត បានផ្តាំផ្ញើឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ចំនួន ៣២៩នាក់ ទើបបញ្ចូលថ្មី ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្ស ជាពិសេសប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការផ្ដាំផ្ញើបែបនេះ ខណៈលោកបណ្ឌិត ប៉ែន ស៊ីម៉ន ចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តកំពតថ្មី ប្រមាណ៣២៩នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្តកំពតចាស់។
ពិធីនេះ មានការចូលរួមពីសំណាក់ លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកថ្នាក់កណ្តាល នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងលោក ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំងអស់លោក លោកស្រី សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកបក្សមូលដ្ឋាន សរុបជិត៥០០នាក់។
ក្នុងឱកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីខាងលើនោះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង៣២៩នាក់ ដែលចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ពីព្រោះគណក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត។
លោកបណ្ឌិតបន្ដថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៉ែន ស៊ី ម៉ន ក៏បានឧបត្ថម្ភថវិកា ដល់សមាជិកថ្មី ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល និងលោក ជាវ តាយ ប្រធានគណៈកម្មការ គណបក្សខេត្តកំពត បានឧបត្ថម្ភបន្ថែមនូវទឹកប្រាក់ចំនួនម្នាក់២ម៉ឺនរៀល សរុបសមាជិកថ្មីក្នុងម្នាក់ៗ ទទួលបានថវិកា៧ម៉ឺនរៀល។
គួរបញ្ជាក់ថា សមាជិកគណបក្សប្រជាជន ទើបបញ្ចូលថ្មី គឺជាសិស្ស និស្សិត មកពីវិទ្យាស្ថានបច្ចេកវិទ្យាភូមិភាគតេជោសែនកំពត និងមកពីសាលាគរុកោសល្យ ខេត្តកំពត៕