(ភ្នំពេញ)៖ នារីខ្មែរ២រូប ដែលត្រូវស្វាមីជនចិន វាយធ្វើបាប និងនារីខ្មែរម្នាក់ទៀត ដែលជួបការលំបាក ក្នុងការបម្រើការងារនៅប្រទេសម៉ាឡេស៊ី ត្រូវបានមន្រ្តីទូតខ្មែរ នៅក្នុងប្រទេសចិន និងម៉ាឡេស៊ី ចេញជួយអន្តរាគមន៍ និងបញ្ជូនមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ០១រូប ឈ្មោះ សុខ សាន អាយុ២៤ឆ្នាំ នៅភូមិកំប៉ី ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរូបនាង បានជួយផលលំបាកនៅក្នុងការងារ និងបានជួយទាមទារប្រាក់ឈ្នួល ពីជនជាតិម៉ាឡេស៊ី ឲ្យបានគ្រប់ចំនួនផងដែរ។ ពលការិនីខ្មែររូបនេះ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ មកម្ល៉េះ។
លោក ជុំ សុន្ទរី បានបន្តថា ក្រោយពីជួយសង្រ្គោះហើយ អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និង ហូបចុកដល់ពលការិនីរូបនេះផងដែរ។ ពលការិនី សុខ សាន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃ២៦ ខែមករា ឆ្នាំ ២០១៦។
ដោយឡែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន ក៏បានជួយអន្តរាគមន៍ស្រ្តីខ្មែររងគ្រោះចំនួន ០២រូប ដែលត្រូវប្ដី ជាជនជាតិចិន វាយធ្វើបាបផងដែរ។ ស្រ្តីរងគ្រោះទាំងពីរនាក់នោះ មានឈ្មោះ ហួន ស្រីតូច អាយុ ២៨ ឆ្នាំ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ឈ្មោះ សេង សា អាយុ ២៨ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំបាជ័យ ខេត្តកំពង់ធំ។ ស្រ្តីខ្មែរទាំងពីររូបត្រូវបានជួយសង្រ្គោះ ហើយនឹងត្រូវមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៦នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយសង្រ្គោះពលករ ពលការិនីខ្មែរ ជិតប្រាំរយនាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីពួកគេត្រូវបានធ្វើបាបពីសំណាក់ប្តី និងថៅការជាជនបរទេសនោះ៕