(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រីស្នងការ ឈឿន សុចិត្ត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះថា លោកបានរៀបចំផែនការច្បាស់លាស់ និងម៉ឺងម៉ាត់ ដល់គ្រប់មូលដ្ឋានក្នុងការរៀបចំសណ្ដាប់ធ្នាប់សង្គម ការពារសុខសុវត្ថិភាពជូនពលរដ្ឋ។ ពិសេសជំរុញឱ្យកម្លាំងតាមមូលដ្ឋាន ត្រូវបញ្រ្ជៀបការយល់ដឹង និងផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋឱ្យបានគ្រប់គ្នា។
លោកស្នងការបន្តថា ផែនការសម្រាប់ការឈប់សម្រាករបស់ពលរដ្ឋនៅទូទាំងខេត្តកណ្ដាលនេះ ដើម្បីឲ្យមានភាពរលូនល្អ និងមានសណ្ដាប់ធ្នាប់សង្គម១០០% កម្លាំងនឹងចេញល្បាតទាំងយប់ថ្ងៃ ពង្រាយកម្លាំងនៅតាមទីកន្លែងកំសាន្តនានា វត្តអារាម និងទីប្រជុំជនផ្សេងទៀត ខណៈលោកស្នងការមិនអនុញ្ញាត ឲ្យជនបំពុលសង្គម បង្ករចលនាបានជាដាច់ខាត។ ពិសេសមួយទៀត គឺកម្លាំងអន្តរាគមន៍ខាងអគ្គិភ័យ បានត្រៀមរួចជាស្រេច ក្នុងការត្រៀមសង្រ្គោះបន្ទាន់ ករណីមានអគ្គិភ័យណាមួយ កើតឡើង ។
ចំពោះសុខសុវត្ថិភាពចរាចរណ៍វិញ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្ដាល ទទួលផែនចរាចរណ៍ ក៏បានប្រាប់ភ្នាក់ងារ Fresh News ផងដែរថា ប្រជាពលរដ្ឋ បាននិងកំពុងសម្រុកចាកចេញទៅស្រុកកំណើត ឆ្លងកាត់តាមខេត្តកណ្ដាល ហាក់មមាញឹកខ្លាំងណាស់ រាប់ចាប់តាំងពីម្សិលមិញ ពោលគឺថ្ងៃទី១៥ ខែសីហា ហើយនៅថ្ងៃនេះ ចាប់តាំងពីព្រឹកព្រលឹមមក បងប្អូនពលរដ្ឋយើងបានចាកចេញទៅស្រុកយ៉ាងច្រើនកុះករ ខ្លះមានរថយន្តតូច-ធំ ម៉ូតូគ្រប់ស៊េរី មើលទៅអ៊ូអរណាស់ រីឯកម្លាំងសណ្ដាប់ធ្នាប់វិញ ក៏បានរៀបចំបានល្អប្រសើរផងដែរ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ណាមួយ នៅតាមបណ្ដាស្រុកនានាពិសេស គឺក្រុងតាខ្មៅ។
លោកស្នងការរងសំណូមពរ ពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍» បើកបរសូមមានការយោគយល់ អធ្យាស្រ័យគ្នាល្អ បើកបរគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអទិភាព បើកបរដោយគ្មានសារធាតុស្រវឹង ចំពោះម៉ូតូត្រូវពាក់មួក ចំពោះឡានតូចធំ ត្រូវពាក់ខ្សែរក្រវ៉ាត់ ជាដើម កុំជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។
សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខានដោយសារ តែវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញផងដែរ ឲ្យឈប់សម្រាករយៈពេល៥ថ្ងៃឯណោះ៕