(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សួនទឹក «ហ្គាឌិនស៊ីធី» គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។ របាយការណ៍ក្រុមហ៊ុន បានឱ្យដឹងថា សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។ សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រីករាយ និងមានមោទនភាពចំពោះការអភិវឌ្ឍនៅសង្កាត់ព្រែកតាសេក ដែលអតីតកាលជាជម្រករបស់ខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលនោះរដ្ឋាភិបាលបានបញ្ជូនមន្ត្រីមកកាប់ឆ្ការព្រៃ ដើម្បីបំបាត់ជម្រករបស់ក្រុមខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នតំបន់នេះបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដោយមានកន្លែងលេងកម្សាន្ត មានវិមានឈ្នះឈ្នះនិមិត្តរូបនៃការបិទបញ្ចប់ភ្លើងសង្គ្រាម និងមានពហុកីឡដ្ឋានជាតិដ៏ធំមួយ ដើម្បីបម្រើការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានកើតសរសើរឧកញ៉ា លី យ៉ុងផាត់ បានចាប់យកតំបន់នេះ ដើម្បីអភិវឌ្ឍន៍ ដែលមុននោះមិនសូវមានអ្នកចាប់អារម្មណ៍នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការទិញស្ពាន និងផ្លូវ ដែលសាងសង់ដោយវិស័យឯកជន ដូចជាស្ពានព្រែកព្នៅជាដើមនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ចំពោះជនបរទេសមួយចំនួន រួមទាំងខ្មែរនៅក្រៅប្រទេសផងដែរ ដែលរិះគន់រឿងយកលុយថ្លៃឆ្លងផ្លូវ ឆ្លងស្ពានវិនិយោគដោយវិស័យឯកជន ខណៈដែលបណ្តាប្រទេសជាច្រើនលើពិភពលោកសុទ្ធតែបានបង់លុយលើផ្លូវ ស្ពានដែលសង់ដោយឯកជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សួនទឹក «ហ្គាឌិនស៊ីធី» អាចទទួលភ្ញៀវបានរហូតដល់ទៅជាង ៧ពាន់នាក់ តែខណៈនៃការរាតត្បាតជំងឺកូវីដ១៩នេះ គឺឱ្យទទួលតែ៥០ភាគរយប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនធ្លាប់តែឃើញមានសួនសត្វ និងកន្លែងលេងទឹកនៅប្រទេសគេ តែបច្ចុប្បន្នកម្ពុជាក៏មានកន្លែងមើលសត្វ និងលេងទឹកធំដូចគេនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់ បានក្លាយជាតំបន់កម្សាន្តដ៏ធំក្នុងរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សជាតិលើលោកនេះត្រូវការកម្សាន្ត ព្រោះបែបនេះហើយទប់នាំឱ្យប្រទេសនីមួយៗប្រកួតប្រជែងគ្នាទាក់ទាញទេសចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនៀមទម្លាប់នៃការរស់នៅ និងទំនាក់ទំនងរបស់មនុស្សជាតិមានរាប់ពាន់ឆ្នាំ ត្រូវបានផ្លាស់ប្តូរដោយសារជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩នេះ វាមានសភាពខ្លាំងក្លាជាងសង្គ្រាមលោកលើកទី១ និងលើកទី២ទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលមកលេងកម្សាន្តនៅសួនទឹក «ហ្គាដិនស៊ីធី» អាចកក់សំបុត្រតាមអនឡាញបានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សួនទឹក «ហ្គាដិនស៊ីធី» គ្រោងបើកដំណើរការសាកល្បងតាំងពីខែមេសាមកម្ល៉េះ តែដោយសារពេលនោះកម្ពុជា ប្រឈមការរីករាលដាលជំងឺកូវីដ១៩ខ្លាំង ទើបលើកពេលមកដល់ពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានលើកពេល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្អាកឈប់សម្រាកពេលចូលឆ្នាំព្រោះពេលនោះការរាតត្បាតជំងឺកូវីដ១៩ មានសភាពស្រួចស្រាវ បូករួមជាមួយពលករខ្មែរមកពីថៃរហូតដល់ទៅជាង ៩ម៉ឺននាក់ ដែលបារម្ភពីការរីករាលដាលជំងឺនេះ។ តែបច្ចុប្បន្នរាជរដ្ឋាភិបាលឱ្យពលរដ្ឋឈប់សម្រាក ព្រោះកម្ពុជាអាចគ្រប់គ្រងស្ថានភាពឆ្លងបាន ហើយជំងឺនេះមិនទាន់ឆ្លងចូលសហគមន៍ទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានស្នើទៅអង្គការសហប្រជាជាតិ សុំពន្យារពេលក្នុងការដោះដូរកម្លាំងរក្សាសន្តិភាព ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យពន្យារពេលក្នុងការដោះដូរកងកម្លាំងរក្សាសន្តិភាព បើមិនបានគ្រប់ប្រទេស ក៏សូមកងកម្លាំងរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំកងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ព្រមទាំងក្រុមគ្រួសារ មេត្តាយោគយល់ចំពោះការពន្យារពេលក្នុងការផ្លាស់ប្តូរកងកម្លាំង។

* សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពិន សម្រាប់ការផ្អាកជើងហោះហើរពីប្រទេសទាំងនេះ ព្រោះមានអត្រាឆ្លងជំងឺកូវីដ១៩ខ្ពស់ពេក។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរកំពុងធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើត ឱ្យយកចិត្តទុកដាក់ការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ សម្តេចបានបញ្ជាទៅអាជ្ញាធរឱ្យអនុវត្តន៍ស្តង់ដាររក្សាសុវត្ថិភាពកុំឱ្យឆ្លងជំងឺកូវីដ១៩ តាមតំបន់ទេសចរណ៍ សណ្ឋាគារ និងអាហារដ្ឋានផ្សេងៗផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋពេលឈប់សម្រាកនេះ ត្រូវថែរក្សាជីវិតឱ្យបាន តាមរយៈការគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការខុមហ្វ្រែល និងបណ្តាញព័ត៌មានបរទេសនានា យកលទ្ធផលស្ទង់មតិរបស់អង្គការខុមហ្វ្រែលជុំវិញការចាប់ខ្លួន លោក រ៉ុង ឈុន។ ការស្ទង់មតិនេះ មាន ៧៨ភាគរយគាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងមាន ២២ភាគរយប៉ុណ្ណោះ មិនគាំទ្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនទីប្រើសម្រាប់កំណត់ព្រំដែនជាមួយប្រទេសវៀតណាម គឺបន្សល់ដោយបារាំង មិនមែនជាផែនទីកំណត់ដោយខ្មែរនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ភូមិខ្មែរមួយចំនួនដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែនរបស់បារាំងបានគូសបែបនោះ។ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈខ្សែផែនទីនេះកម្ពុជាទទួលបានដីពីវៀតណាមប្រមាណ២ពាន់ហិកតា។ ដីនេះត្រូវយកទុកជាដីសម្បទានសង្គមកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងព្រំដែនមិនមែនជារឿងលេងសើចទេ កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ស្នេហាជាតិអីតែក្រុមប្រឆាំងណុង? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះ ខ្មែរអស់ដីហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រឿងព្រំដែនឈប់រញ៉េរញ៉ៃ ប្រសិនបើអ្នកណានិយាយចេញមកប៉ុណ្ណាចាប់ប៉ុណ្ណឹង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំចោទរាជរដ្ឋាភិបាលថាផ្តាច់ការ ព្រោះការនិយាយរឿងព្រំដែនមិនមែនជាការបញ្ចេញមតិនោះទេ។ សម្តេចតេជោ បានលើកឡើងថា ក្រុមប្រឆាំងបានលើកឡើងច្រើនដងហើយលើបញ្ហាព្រំដែន ហើយសម្តេចក៏បានបកស្រាយច្រើនដងរួចហើយ ព្រមទាំងក្នុងរដ្ឋសភាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរក្រុមប្រឆាំងថា ស្នេហាជាតិអីតែខ្លួនឯង តើព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាលមិនស្នេហាជាតិទេអី?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលថា តើអង្គការខុមហ្វ្រែល ក្រុមវិទ្យុបរទេសផ្សាយជាខេមរភាសា និងអង្គការសិទ្ធិមនុស្សនានា ផ្សាយលទ្ធផលស្ទង់មតិលើការចាប់ខ្លួនលោក រ៉ុង ឈុន ដែរឬយ៉ាងណា? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអង្គការខុមហ្វ្រែល វិទ្យុបរទេសផ្សាយខេមរភាសា និងអង្គការសិទ្ធិមនុស្ស ព្រមទាំងក្រុមប្រឆាំងផង មិនផ្សាយលទ្ធផលស្ទង់មតិនេះ គឺជាតិរិច្ឆានហើយ។

* សម្តេចតេជោ ហ៊ុន សែន ហៅក្រុមប្រឆាំងនៅក្រៅប្រទេស ដែលអំពាវនាវពលរដ្ឋធ្វើបាតុកម្មនោះឱ្យចូលមកដឹកនាំបាតុកម្ម ដោយសម្តេចឱ្យយន្តហោះទៅដឹកថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអង្វរជាថ្មីដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមានការយោគយល់ចំពោះអ្នកជំពាក់ប្រាក់ទាំងអស់ ដោយកុំមានការរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងរៀបចំនូវកម្ចីឥណទានឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តរក្សាជំហររឹបអូសទ្រព្យសម្បត្តិរបស់អ្នកជំពាក់ទាំងឡាយណា ដែលស្តាប់តាមការអំពាវនាវរបស់មេឧទ្ទាមមិនសងប្រាក់ទៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធសាស្ត្ររបស់សម្តេចតាំងពីដើមរហូតដល់ចប់ គឺស្ម័គ្រចិត្តធ្វើជាអ្នកសែង មិនធ្វើជាអ្នកនៅលើស្នែងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖៥០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០៕