(ភ្នំពេញ)៖ ក្រុមនិស្សិតកម្ពុជា និងបរទេសប្រមាណ២៥៥០នាក់ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានទទួលសារ និងចំណេះដឹងពីការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលពួកគេបានចួលរួមកម្មវិធីអបអរសាទរ ការបោះជំរំអន្តរជាតិ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហៅសាលាតិចណូ។
លោកវរសេនីយ៌ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានអញ្ជើញទៅចូលរួម ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនដល់ក្រុមនិស្សិតទាំងនេះ ដែលសិស្សប្រមាណ១១១៤នាក់ មកពីវិទ្យាស្ថានប៊ែលធីអន្តរជាតិ និងផ្សេងទៀតមកពី តាមសកលវិទ្យាល័យមួយចំនួន ដែលមានទាំងនិស្សិតបរទេសផងដែរ។
នៅចំពោះមុខក្រុមនិស្សិតទាំងនេះ លោក ប៉ែន ឃុន បានលើកឡើង ពីការរឹតបន្តឹងនៃច្បាប់ចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបាន និងកំពុងសម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ជារៀងរាល់ថ្ងៃ។
លោកនាយរងការិយាល័យ បានថ្លែងដោយលើកឡើងពីបញ្ហាប្រឈមនានា ហើយអាចជាប់ពន្ធធនាគា ទៀតផងនៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសនោះ ដូច្នេះម្នាក់ៗត្រូវពង្រឹងចូលរួមគោរពច្បាប់ចរាចរណ៍ ដូចជាបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព ម៉ូតូដាក់កញ្ចក់ បើករថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកមិនឲ្យលើសល្បឿនកំណត់ និងជាពិសេសនោះ គឺមិនត្រូវបើកបរនៅពេលដែលខ្លួនស្រវឹងនោះឡើយ៕