(ភ្នំពេញ)៖ មន្រ្តីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ បានជួយអន្តរាគមន៍ ទាមទារដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរ ២៦០នាក់ ដែលកំពុងបម្រើការងារ នៅប្រទេសថៃ ហើយត្រូវថៅកែក្រុមហ៊ុនបានរំលោភបំពានលើ កម្លាំងពលកម្មរបស់ពួកគេ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានចុះទៅអន្តរាគមន៍ដោះស្រាយបញ្ហា ដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរស្របច្បាប់ ២៦០នាក់ ដែលធ្វើការនៅការដ្ឋានសាងសង់មួយក្នុងឃុំបាងវួរ ស្រុកបាងស្ម័គ្រ ខេត្តឆាក់ឆឹងសៅ (Chachoengsao) ប្រទេសថៃ ហើយទទួលរងនូវការរំលោភបំពាន ពីសំណាក់និយោជក នៃក្រុមហ៊ុនសំណង់ឈ្មោះ POTEAM BUILDER CO., LTD។
សេចក្តីជូនដំណឹងបានបន្តថា បន្ទាប់ពីមានជំនួបប្រជុំ រវាងតំណាងស្ថានទូត តំណាងមន្ទីរការងារខេត្តឆាក់ឆឹងសៅ តំណាងនិយោជក និងតំណាងពលកររួចមក ជាលទ្ធផលតំណាងនិយោជក បានឯកភាពដំឡើងប្រាក់ឈ្នូល ៣០០បាត ក្នុងមួយថ្ងៃស្មើៗគ្នាសម្រាប់ពលករ ពលការិនី និងយល់ព្រមប្រគល់ លិខិតឆ្លងដែនជូនពលករវិញផងដែរ៕