(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៦ នេះបានចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយ ពីក្របខណ្ឌផែនការសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦-២០២០ នាសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
លោក រដ្ឋមន្ដ្រី បានថ្លែងថា ច្រើនឆ្នាំមកនេះការប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជាទទួលបានជោគជ័យ គួរឲ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុក នៃជំងឺដោយបានធ្វើឲ្យអត្រា ឈឺ និងស្លាប់ ដោយសារជំងឺ គ្រុនចាញ់ ធ្លាក់ចុះ។ដូច្នេះ សមិទ្ធិផលនេះ បញ្ជាក់ថា កម្ពុជា យើងមានឱកាសចាប់ផ្ដើម បង្កើត ប្រព័ន្ធ ការងារដ៏ចំាបាច់មួយដើម្បី ការលុបបំបាត់ ជំងឺ នេះជាដំណាក់កាល។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា ពិសេស រាជរដ្ឋាកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌល ជាតិប្រយុទ្ធ នឹងជំងឺ គ្រុនចាញ់ ប៉ារ៉ា ស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដដើម្បីសម្រេច គោលដៅនៃការលុបបំបាត់ ជំងឺគ្រុនចាញ់ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់ គ្រប់ប្រភេទ មេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។
លោករដ្ឋមន្ដ្រីថ្លែងបន្ដទៀតថា «ការប្ដេជ្ញាចិត្ដថ្នាក់ជាតិនេះ ត្រូវបានជំរុញ លើកទឹកចិត្ដ ដោយ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពូជា ក្នុងកិច្ចប្រជុំ កំពូល អាស៊ី ខាងកើត លើកទី៩ ដែលបានប្រារព្ធធ្វើឡើង នៅប្រទេស មីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៤។ទោះបីជា ទទួលបានជោគជ័យ យ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ក៏នៅមានឧបសគ្គមួយចំនួន ដែលយើង ទាំងអស់គ្នាត្រូវ ចូលរួមដោះស្រាយ និងលុបបំបាត់ជំងឺគ្រុនចាញ់ ដែលមានសុំានឹងថ្នាំជាច្រើនប្រភេទ នៅទូទាំងកម្ពុជា ពិសេសនៃ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម តម្រូវ ឲ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹង និងពន្លឿននៃការលុបបំបាត់ជំងឺ គ្រុនចាញ់ ដើម្បីសម្រេច បាននូវ គោលដៅរបស់យើង»។
លោកបន្ដថា ដើម្បីសម្រេចបាននូវ គោលដៅ លុបបំបាត់ ជំងឺគ្រុនចាញ់ កម្ពុជា ត្រូវមានផែនការយុទ្ធសាស្រ្ដ ច្បាស់លាស់ មួយ បង្ហាញពីផែនការសកម្មភាព ក្នុងការអនុវត្ដដើម្បីសម្រេច ឲ្យបាននូវគោលដៅនោះ ដោយ ត្រូវមានមូលដ្ឋាន ភស្ដុតាង ច្បាស់លាស់ និងលក្ខណៈលម្អិត ពីទីកន្លែង ពេលវេលា អនុវត្ដដោ យវិធីណា និងអ្នកណា ជាអ្នកអនុវត្ដ នូវសកម្មភាពទាំងនោះ។
លោករដ្ឋមន្ដ្រីថ្លែងបន្ថែមថា ការលុបបំបាត់ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមាន ការសម្របសម្រួលរវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា។ ពេលនេះមានយើងមានយុទ្ធសាស្ដ្រ មួយដែលត្រូវបានរំពឹង ទុកថា នឹងជំរុញឲ្យយើងឆ្ពោះទៅរក ការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាលនេះវាជាការចាំបាច់ ណាស់ ដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវធ្វើជាម្ចាស់ ក្នុងភាពជាអ្នកដឹកនាំ និងអនុវត្ដសកម្មភាព លើយុទ្ធសាស្ដ្រថ្នាក់ ជាតិ ដោយធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍ នានាដែលនាំឲ្យមានលទ្ធផល ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងឈាន ឆ្ពោះទៅសម្រេច នូវគោលដៅថ្នាក់ជាតិ។
គួរបញ្ជាក់ថា ការបើកកិច្ចប្រជុំផ្សព្វផ្សាយពីក្របខណ្ឌផែនការ សកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០នាសណ្ឋាគារ Raffles Hotel Le Royalនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែមករា ហើយក៏មានការអញ្ជើញចូលរួមដោយ លោកវេជ្ជបណ្ឌិត Dong-ll Ahn តំណាងអង្គការសុខភាព ពិភពលោក ប្រចំាកម្ពុជា និងស្ថានប័នពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀតផងដែរ៕