(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានទទូចឲ្យអង្គការដៃគូអភិវឌ្ឍន៍របស់កម្ពុជា ចូលរួមជួយដោះស្រាយបញ្ហា ជនអនាថានៅកម្ពុជា គ្រាដែលមជ្ឈមណ្ឌលព្រៃស្ពឺត្រូវបានផ្អាកមិនឲ្យទទួលជនអនាថា។ ការស្នើនេះបានធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី ជួបសំណេះសំណាលការងារ ជាមួយលោកស្រី CLAIRE VAN DER VAEREN អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០ ១៦។
ក្នុងជំនួបនេះលោកស្រី CLAIRE VAN DER VAEREN បានថ្លែងស្វាគមន៍ដល់គម្រោងផ្អាកទទួល ជនអនាថាដាក់ក្នុងមណ្ឌលព្រៃ ស្ពឺរបស់ក្រសួងសង្គមកិច្ច ដែលជាជម្រើសមួយយ៉ាងល្អប្រសើរ ដើម្បីស្វែងរកនីតិវិធីថ្មី។ អ្នកស្រី បានលើកឡើងថា មណ្ឌលនេះ គួរតែផ្តល់ឱកាសដល់អ្នក ដែលមានតម្រូវការចាំបាច់ដូចជា ជនអនាថា រស់នៅគ្មានទីពឹង កុមារ ស្រី្ត និង ជនពិការជាដើម។
ចំណែកគោលដៅសំខាន់មួយទៀត លោកស្រីតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ បានស្នើដល់ក្រសួងពិចារណាផ្តល់អាទិភាព ដល់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរាជរដ្ឋាភិ បាល អាចចូលទៅជួយទុកស្កាត់នៅក្នុងមណ្ឌលព្រៃស្ពឺនេះ ដើម្បីជួយទៅដល់អ្នកដែលមានតម្រូវការ ជាបន្ទាន់ ពោលគឺកំពុងស្ថិតនៅក្នុងស្ថានការលំបាក ដូចជាអ្នកដែលមានជម្ងឺធ្ងន់ធ្ងរ អ្នកខ្សោយសតិ បញ្ញាស្មារតី ដើម្បីជួយដោះស្រាយ ទៅតាមស្ថានភាពជាក់ស្តែង។
ទាក់ទិនបញ្ហាជនអនាថាដែលកំពុងរស់នៅក្នុងមណ្ឌលព្រៃស្ពឺនេះ លោក វង សូត បានថ្លែងស្វាគមន៍ ចំពោះគម្រោងជួយជនអនាថា របស់អង្គការសហប្រជាជាតិ ព្រោះកន្លងទៅនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មាធិការជាតិ ដោះស្រាយបញ្ហាជនអនាថា បានជួបពិភាក្សាស្វែងរកគន្លឹះ ដោះស្រាយសមស្របណាមួយ ដើម្បីជួយដល់ជនអនាថាកម្ពុជា ដែលជាជនរងគ្រោះ ឲ្យទទួលបានប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
ក្នុងនោះរាជរដ្ឋាភិបាល ក៏មានគោលការជាច្រើនលើនីតិវិធីផ្សេងៗ និងមានយន្តការមួយចំនួនទៀត ដើម្បីដោះស្រាយជនអនាថានេះដែរ ប៉ុន្តែការប្រព្រិត្ត ទៅពុំទាន់បានគ្រប់ជ្រុងជ្រោយ នៅឡើយ។ លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យទីភា្នក់ងារ អង្គការសហប្រជាជាតិ ក៏ដូចជា អង្គការសង្គមស៊ីវិលផ្សេងទៀត ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និត និង មានទំនាក់ទំនងល្អ ជាមួយក្រសួង ដើម្បីរួមគ្នាធ្វើការ ងារនេះ ឲ្យបានល្អប្រសើរ ជាពិសេសរិះរកវិធានការ ដោះស្រាយបញ្ហាជនអនាថា នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕