(កំពង់ធំ)៖ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ រួមសហការជាមួយសាលាគណខេត្តកំពង់ធំ និងរដ្ឋបាលក្រុងស្ទឹងសែន បានរៀបចំសិក្ខាសាលាស្វែងយល់នូវការគ្រប់គ្រងសំរាមតាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិទ្យុសហគមន៍ក្រោមប្រធានបទស្ដីពី «វត្តអារាម និងការគ្រប់គ្រងសំរាម» នៅថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២០និងបានធ្វើការសម្អាត បរិស្ថានតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែនដោយមានការចូលរួមពីព្រះសង្ឃចំនួន៦០អង្គ ក្នុងខេត្តកំពង់ធំ ព្រមទាំងប្រជាពលរដ្ឋ និងកងកម្លាំងទាំង៣ដែលឧបត្ថម្ភដោយមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរនៃប្រទេសអាល្លឺម៉ង់។
លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍នឹងឧត្ដមទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា សិក្ខាសាលាស្វែងយល់នូវការគ្រប់គ្រងសំរាមតាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិទ្យុសហគមន៍មានគោលបំណងកំណត់បញ្ហាការប្រឈមផលប៉ះពាល់ នៃការបំពុល
បរិស្ថាន និងដំណោះស្រាយហើយសិក្សារៀនសូត្រ ដើម្បីរៀបចំកម្មវិធីវិទ្យុយកទៅផ្សព្វផ្សាយ អំពីការគ្រប់គ្រងសំរាមឈានទៅរកការធ្វើឲ្យប្រសើរឡើងដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ទៀតផង។
លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានលើកឡើងពីការគ្រប់គ្រងសំរាមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ជាពិសេសគឺក្រុងស្ទឹងសែនបានយកចិត្តទុកដាក់និងកែលម្អឲ្យមានលក្ខណៈល្អប្រសើរឡើង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងកុំចោលសំរាម ទៅក្នុងទឹកស្ទឹងដែលជាហេតុធ្វើឲ្យទឹកស្ទឹងកខ្វក់និងមានជាតិពុល។
ជាមយយគ្នានេះដែរ លោក ម៉ាក់ ប៊ុនហុង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការចេះទុកដាក់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់សំរាមដើម្បីឱ្យមានអនាម័យ បរិស្ថានបានស្អាត មានសោភ័ណភាពស្រស់បំព្រង សម្រាប់ក្រុងស្ទឹងសែនក្លាយទៅជារំដួលផ្កាបីទងនៅក្នុងខេត្តកំពង់ធំ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកសម្រាកកំសាន្ត ឬទស្សនាជាដើម។
លើសពីនេះទៅទៀត អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍កំពុងតែមានសកម្មភាពជាច្រើន នៅក្នុងសង្គមលើការគ្រប់គ្រងសំរាម ពិសេសសការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីការប្រមូលសំរាម ការបែងចែកសំរាម និងការចោលសំរាម។
លោកបានបន្តថា ការងារសម្អាតបរិស្ថានសំខាន់ណាស់ក្នុងការធានានូវនិរន្តភាព កាលណាបរិស្ថានមិនល្អវានឹងប៉ះពាល់ដល់ភ្ញៀវទេសចរ ប្រជាសហគមន៍ទាំងមូល។ រីឯការចូលរួមរបស់ព្រះសង្ឃ ប្រជាពលដ្ឋក្នុងកិច្ចការនេះចង់បង្ហាញពីស្មារតីស្រឡាញ់ និងចេះដឹងខ្លួនឯងផង និងបានចូលរួមចំណែកក្នុងការផ្តល់ព័ត៌មាននិងអប់រំបន្តដល់សហគមន៍ គ្រួសារចាស់ៗងាយពេញចិត្តស្តាប់និងទទួលយកចង់អោយប្រជាពលរដ្ឋ ពិសេសគឺយល់ដឹងពី បរិស្ថានធម្មជាតិ បរិស្ថានសង្គម -វប្បធម៌ បរិស្ថានមនុស្សដើម្បីឱ្យការរស់នៅតាមសហមគន៍មានភាពថ្លៃថ្នូរ និងសុខភាពល្អដែលមានមតិថា បរិស្ថានស្អាតត្រូវការការចូលរួមពីខ្លួនយើង អ្នកភូមិ និងអ្នកនៅជុំវិញខ្លួនយើង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសំអាតទីក្រុង នៃសាលាក្រុងស្ទឹងសែនខេត្តកំពង់ធំ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃក្រុមហ៊ុននេះ បានចុះទៅប្រមូលសំរាមក្នុងក្រុងស្ទឹងសែនបានប្រមាណ២៦-៣០ តោនក្នុងមួយថ្ងៃទៅលើគ្រួសារចំនួន ១.១០០គ្រួសារ៕