(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងរៀបចំយកសំណាកថ្មីបន្ថែមទៀត នៅព្រលានយន្ដហោះ និងបន្ទប់ព្យាបាលជំងឺកូវីដ-១៩ពិសេស សម្រាប់ភ្ញៀវកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ B ដែលចូលកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ដើម្បីជួយសម្រួលដល់អ្នកដំណើរជាមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកកម្ពុជា យើងបានត្រៀមរួចជាស្រេច នូវកន្លែងធ្វើតេស្ដដ៏ពិសេសនៅព្រលានយន្ដហោះ នឹងរៀបចំបន្ទប់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន៣០បន្ទប់ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលនឹងធ្វើរួចរាល់នៅដើមខែកញ្ញា»។
លើសពីនោះ រដ្ឋមន្ដ្រីបានបញ្ជាក់ថា «ដើម្បីឆ្លើយតបទាន់ពេលវេលានឹងជំងឺឆ្លងផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ក្រៅពីជំងឺកូវីដ-១៩នេះ យើងបាននឹងកំពុង និងបន្ដបណ្ដុះបណ្ដាលជំនាញដល់មន្ដ្រីសុខាភិបាលយើងបន្ថែមទៀត ដោយតម្រូវឱ្យបុគ្គលិកយើង ឱ្យចេះជំនាញនេះគ្រប់ៗគ្នា»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា មកទល់នឹងពេលនេះ មន្ដ្រីឆ្លើយតបបន្ទាន់ និងព្យាបាលជំងឺកូវីដ-១៩ សរុបជាង៧ពាន់នាក់នៅទូទាំងប្រទេស ហើយនឹងបន្ដបណ្ដុះបណ្ដាលជាបន្ដបន្ទាន់ទៀត ដោយមិនបន្ថូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ឡើយ។
ជាក់ស្ដែង «នៅថ្ងៃនេះ យើងក៏បានចុះទៅពិនិត្យកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩បន្ថែមទៀត នៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ដែលនឹងរួចរាល់នៅពេលឆាប់ៗនេះ»។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅតាមទីសាធារណៈ ត្រូវចេះការពារខ្លួន ប្រើម៉ាស សម្អាតខ្លួនប្រាណដៃជើងឱ្យបានស្អាតជានិច្ច រក្សាគម្លាតបុគ្គល និងសង្គម ជៀសបានសូមកុំទៅទីប្រជុំជនដែលមានគ្នាច្រើន ហើយបើមានករណីសង្ស័យ អាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រសួងសុខាភិបាល ឬរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិឃុំរបស់ខ្លួន៕