(កណ្ដាល)៖ ទីតាំងកែច្នៃស្ករស ទៅជាស្ករត្នោតមួយកន្លែង នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះផ្អាកសកម្មភាព និងបិទអាជីវកម្មជាបណ្ដោះអាសន្ន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនប្រឆាំងសេដ្ឋកិច្ច។
ទីតាំងខាងលើនេះ មានម្ចាស់ឈ្មោះ ជុន ស្រីមុំ អាយុ៥៣ឆ្នាំ បច្ចុប្បន្ននៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន ស្ករត្នោតកែឆ្នៃ ពីស្ករស ចំនួន១២ធុង, ស្ករសចំនួន០៣ប៉ាវកន្លះ, ខ្ទះចំនួន០៣ (ខ្ទះត្នោត), ម៉ូទ័រសម្រាប់កូស្ករ ចំនួន០១គ្រឿង និងប្រេងឆាមួយកាដុងចំណុះ០៥លីត្រ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ខណៈម្ចាស់ទីតាំងត្រូវបានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល៕