(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទាំងអស់ ឲ្យចាត់វិធានការសុខាភិបាល ឲ្យបានដិតដល់នៅកន្លែងដែលមានភ្ញៀវទេសចរទៅកម្សាន្ត ពិសេសក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃខាងមុខនេះ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ ចូលដល់សហគមន៍កម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីពិភពលោក នៅបន្តស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ អំពីថ្នាំព្យាបាលជំងឺកូវីដ១៩ កម្ពុជាត្រូវតែមានភាពច្បាស់លាស់ និងម្ចាស់ការលើការងារជាអាទិភាពចម្បងពីរគឺ៖
ទី១៖ ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងស្ថានការណ៍
ទី២៖ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តទិសដៅភារកិច្ចចំនួន៥គឺ៖
* ភារកិច្ចទី១៖ បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កុំឱ្យឆ្លងរីករាលដាលក្នុងសហគមន៍ ហើយត្រូវបន្តអនុវត្ត និងចាត់វិធានការសុខាភិបាល ឱ្យបានដិតដល់ នៅកន្លែងដែលមានភ្ញៀវទេសចរ ទៅកម្សាន្ត ពិសេសក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ ដើម្បីថែរក្សាសុខុមាលភាពបស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ត្រូវខិតខំស្ថាបនាមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តមើលមេរោគកូវីដ១៩ បន្ថែមពីលើមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ នៅខេត្តសំខាន់ចំនួន៣ទៀតគឺ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
* ភារកិច្ចទី២៖ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពចរាចរណ៍ ដើម្បីការពារភាពសុខសាន្ត និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
* ភារកិច្ចទី៣៖ បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់ នៃ ជំងឺកូវីដ-១៩ ចំនួនពីរខែទៀត។
* ភារកិច្ចទី៤៖ ជំរុញនិងលើកទឹកចិត្តការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ដោយ ប្រមូលផ្ដុំឡើងវិញនូវកម្លាំងពលកម្មពីវិស័យសេវាកម្មនិង ឧស្សាហកម្ម ដែលបាន និង កំពុងរងផលប៉ះពាល់ ពីវិបត្តិនៃជំងឺកូវីដ១៩ ដើម្បីគាំទ្រដល់ផលិតកម្ម កសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តដល់ប្រជា កសិករទូទាំងប្រទេសឱ្យធ្វើការចិញ្ចឹមត្រីអណ្ដែងឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុង ស្រុក និងគាំទ្រដល់ការនាំចេញទៅលក់នៅក្រៅប្រទេស។
* ភារកិច្ចទី៥៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ និង សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវ បែងចែកទៅតាមដំណាក់កាល និងត្រូវគោរព ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគ ឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសជាពិសេស អគារសិក្សា ដែលធ្លាប់បានប្រើប្រាស់ធ្វើជាមណ្ឌលចត្តាឡីស័ក។
រាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមត្ថភាព និងការទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលកម្ពុជា ដែលបានខិតខំរួមចំណែក លើកកម្ពស់គុណភាព វិស័យសុខាភិបាលក្នុងស្រុកឱ្យមានការរីកចម្រើន គួរជាទីមោទនៈ ខណៈដែលតម្រូវការ នៃសេវាសុខាភិបាល ក្នុង ស្រុក នាពេលបច្ចុប្បន្នមានការកើនឡើង ដែលជាការជំនួសការចេញទៅព្យាបាល នៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋក្នុងកំឡុងវិបត្តិនៃជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលក៏ថ្លែងអំណរគុណចំពោះគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាជនទូទាំងប្រទេសដែលបានខិតខំ និងចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាព ម៉ាក្រូ សេដ្ឋកិច្ច ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមកនៅកម្ពុជាផងដែរ៕