(កោះកុង)៖ ដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកោះកុងបានទទួលសមិទ្ធិផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុល។
លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០គីឡូវ៉ុលពីអនុស្ថានីយ៍ចម្ការហ្លួង ស្រុកកំពង់សីលា (ផ្លូវបំបែកស្រែអំបិល) មកស្រុកបូទុមសាគរ ប្រវែង ៥៤គីឡូម៉ែត្រ ព្រមទាំងដាក់ឲ្យដំណើរការអនុស្ថានីយ ២៣០គីឡូវ៉ុលនៅក្នុងស្រុកបូទុមសាគរនេះ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូននិងការផ្គត់ផ្គង់ចែកចាយអគ្គិសនី ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ គីរីសាគរ កោះកុង និងស្រុកស្រែអំបិល នៃខេត្តកោះកុង។
លោក កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះស្ថិតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាពនៃការបញ្ជូនផ្គត់ផ្គង់អគ្គិសនីប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។
គម្រោងនេះត្រូវបានសិក្សាត្រួតពិនិត្យដោយវិស្វកររបស់អគ្គិសនីកម្ពុជាតាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ២០១៤ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង EDF ហើយសាងសង់ដោយក្រុមហ៊ុនធំៗរបស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល និង TBEA សម្រាប់អនុស្ថានីយ ១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល។
គម្រោងនេះមិនត្រឹមតែឲ្យយើងទទួលបាននូវមួយផ្នែក នៃហេដ្ឋារចនាសម្ព័ន្ធជាតិបញ្ជូនអគ្គិសនីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) នូវបច្ចេកវិជ្ជាទំនើបពីបណ្តាជំនាញបច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ដោយខ្លួនឯងនៅពេលអនាគត។ ខ្សែបញ្ជូននេះជាផ្នែកមួយនៃប្រព័ន្ធជាតិបញ្ជូនអគ្គិសនីភាគខាងត្បូង ដែលគ្រោងនឹងភ្ជាប់ជាមួយខេត្តកោះកុងនៅចុងឆ្នាំ២០២០នេះ ដើម្បីបង្កើតបានជាប្រព័ន្ធកងបញ្ជូនធំមួយទៀតឆ្លងកាត់ខេត្តព្រះសីហនុ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចបញ្ជូនថាមពលជួយគ្នាទៅវិញទៅមកដោយយកប្រភពពីរោងចក្រធ្យូងថ្មខេត្តព្រះសីហនុ និងបណ្តាវារីអគ្គិសនីភាគខាងលិច ក្នុងខេត្តកោះកុង និងពោធិសាត់។
លោក កែវ រតនៈ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅក្នុងតំបន់ស្រុកបូទុមសាគរ គីរីសាគរ និងភាគខ្លះនៃស្រុកស្រែអំបិល និងស្រុកកោះកុង នឹងទទួលបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានគុណភាព និងស្ថិរភាព ល្អប្រសើរជាងមុន ពីប្រភពផ្គត់ផ្គង់ថ្មីនេះជំនួសការយកថាមពលពីប្រភពអនុស្ថានីយ៍ឆ្ងាយៗដូចពីមុន បញ្ជូនតាមបណ្តាញតង់ស្យុងមធ្យមដែលជារឿយៗតែងជួបប្រទះការរអាក់រអួលដោយសារមែកឈើប៉ះ បណ្ដាលពីខ្យល់ព្យុះ ភ្លៀងខ្លាំង មកលើបង្គោលបេតុងតូចៗដែលដាំតាមផ្លូវជាដើម។
ជាមួយគ្នានេះដែរ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ថ្មីនេះអាចផ្តល់លទ្ធភាពបញ្ជូនថាមពលរហូតដល់៦០០មេហ្កាវ៉ាត់ ដែលអាចពង្រីកបន្ថែមការអភិវឌ្ឍន៍តាមរបៀង មាត់សមុទ្ររបស់ប្រទេសយើងតាមផ្លូវជាតិលេខ ៤៨ ដែលនឹងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស៕