(ភ្នំពេញ)៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ «ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំនៅកម្ពុជា» ដែលជាពានរង្វាន់មួយនៃ Retail Banking Awards 2020 របស់ទស្សនាវដ្តី Asian Banking and Finance។

ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងភាពជឿនលឿនគួរឲ្យកត់សម្គាល់ ដែលខ្លួនបានដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធី ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុត នៅក្នុងទីផ្សារ។

ជាពិសេស គណៈវិនិច្ឆ័យបានកោតសរសើរ នូវការដាក់ឲ្យដំណើរការនៅក្នុងកម្មវិធី ABA Mobile នូវបណ្តាញសេវាផ្ទេរប្រាក់ជាច្រើន ដែលឥឡូវនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្ញើប្រាក់ក្រៅប្រទេសតាមរយៈ SWIFT សេវាផ្ទេរប្រាក់ភ្លាមៗ Ria និងសេវាផ្ទេរប្រាក់ភ្លាមៗ DBP ។ លើសពីនេះ ធនាគារបានផ្តដាក់ឲ្យប្រើប្រាស់ ការបើកគណនីផ្ទាល់នៅក្នុងកម្មវិធីទូរស័ព្ទ និងពង្រីកការគាំទ្រប្រាក់រៀលខ្មែរ នៅក្នុងផលិតផលសេវាធនាគារចល័តរបស់ខ្លួន។

ធនាគារ ABA ក៏ពង្រឹងសមត្ថភាពដ៏គួរកត់សម្គាល់នូវមុខងារ ការទូទាត់តាមកូដ QR គឺ ABA PAY តាមរយៈការអនុញ្ញាតការទូទាត់តាមរយៈកូដ static QR ជាប្រាក់ដុល្លារ និងប្រាក់រៀល។ ការទទួលការទូទាត់តាមកូដ QR ត្រូវបានជំរុញ ហើយឥឡូវនេះ ពាណិជ្ជករជាង 20,000 ទូទាំងប្រទេសទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានថ្លែងថា «ពានរង្វាន់ដ៏មានតម្លៃនេះ បញ្ជាក់ពីភាពស័ក្តិសមនៃយុទ្ធសាស្ត្រសេវាធនាគារចល័ត ដែលធនាគារអនុម័តប្រើប្រាស់ កាលពីប្រាំមួយឆ្នាំមុន។ ឥឡូវនេះ យើងឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើន បានជ្រើសរើសធនាគារ ABA ដោយសារកម្មវិធីទូរស័ព្ទនេះ មានភាពងាយស្រួល សុវត្ថិភាព និងងាយប្រើប្រាស់។ យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជន ចំពោះការជ្រើសរើសរបស់ពួកគេ និងធានាថា យើងនឹងបន្តដាក់ឲ្យប្រើប្រាស់មុខងារទំនើបៗនៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើឲ្យបទពិសោធអតិថិជនរបស់យើងកាន់តែសំបូរបែប»

ប្រធាននិពន្ធនាយកទស្សនាវដ្តី Asian Banking and Finance លោក Timothy Charlton មានថ្លែងថា «ធនាគារ ABA បានបង្ហាញពីយុទ្ធសាស្ត្រ ក្នុងការរក្សានូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីអត្ថប្រយោជន៍អតិថិជនរបស់ខ្លួន ដូចជា កម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា។ នេះសម្រេចបានដោយការអនុញ្ញាត ឲ្យប្រើប្រាស់សេវាកម្មដ៏ទាក់ទាញ និងងាយស្រួលផ្សេងៗជាច្រើន រួមមាន សេវាផ្ទេរប្រាក់តាម SWIFT ការស្នើសុំបើកគណនីតាមអនឡាញ មុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើន ទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

លោកបានបន្ថែមទៀតថា «យើងខ្ញុំមានសេចក្តីរីករាយ ក្នុងការផ្តល់ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារការអភិវឌ្ឍយ៉ាងរហ័ស នូវប្រតិបត្តិការកម្មវិធីទូរស័ព្ទរបស់ខ្លួន ដោយសារប្រព័ន្ធអេកូការទូទាត់ដ៏ទាក់ទាញនេះ»

ពានរង្វាន់ ABF Retail Banking ផ្តល់ជូនធនាគារឆ្នើម ដែលបានដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារលក់រាយនវានុវត្តន៍ ដែលបង្ហាញឲ្យឃើញថា ជាអ្នកផ្លាស់ប្តូរឧស្សាហកម្មនេះ៕