(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងភរិយា សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ ជូនលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ។

សម្តេចវិបុលសេនាភក្តីសាយ ឈុំ មានប្រសាសន៍ក្នុងលិខិតឲ្យដឹងថា «ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិត របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានសមិទ្ធផលថ្មីៗជាច្រើនជូនរាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណ៍ដំណាក់កាលទី៤។ លោកជំទាវ ជាថ្នាក់ដឹកនាំស្រ្តីមួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មពោរពេញដោយគុណធម៌ និងគំរូដ៏ថ្លៃថ្នា ជាពិសេស ខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី និងបានចូលរួមចំណែកសកម្មភាពជាមួយរាជរដ្ឋាភិបាល។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងបុត្រាបុត្រី និង ចៅៗទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕