(ភ្នំពេញ)៖ ជាមួយនឹងកំណើន នៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នារយៈពេលចុងក្រោយជាបន្តបន្ទាប់ ដែលនឹងអាចឈានទៅសម្រេចគោលដៅ របស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករ១លានតោន នៅពេលខាងមុខ ការផលិតស្រូវដែលប្រកបដោយនិរន្តរភាព គឺជាស្មារតីចម្បងនៃទិសដៅផែនការ ដែលសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងតែបន្តដាក់ចេញ។

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត និងផ្គង់ផ្គង់ស្រូវនិរន្តរភាពរវាងក្រុមហ៊ុនអេមរុ រ៉ាយស៍ (AMRU Rice) ដែលជាសមាជិក សហព័ន្ធស្រូវអង្ករកម្ពុជា និងសហគមន៍កសិកម្មចំនួន២២ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នាបរិវេណនៃរោងម៉ាស៊ីនកិនស្រូវ អេមរុរ៉ាយស៍ (AMRU Rice) នៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សហគមន៍កសិកម្មទាំង២២ មានទីតាំងនៅក្នុងខេត្តកំពង់ចាម កំពង់ធំ និងសៀមរាប ដែលមានសមាជិកសរុបចំនួន១,៥១៦គ្រួសារ បានទទួលនូវទីផ្សារផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព ពីការចុះកិច្ចសន្យាផលិតកម្មកសិកម្ម តាមកិច្ចសន្យានាថ្ងៃនេះ។ ជាមួយគ្នានេះផងដែរ សហគមន៍ទាំង២២នេះ មានវិសាលភាពផលិតស្រូវ បានចំនួន ៥,៥៣៦តោន លើផ្ទៃដីដែលអាចដាំដុះស្រូវ ចំនួន២,៣០៣ហិកតា។

កម្មវិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសម្របសម្រួលពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (សៀដ) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាគមន៍សម្របសម្រួលសេដ្ឋកិច្ច សហគមន៍កសិកម្ម (ស.ស.ក) និងរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី (CAVAC) ដែលកម្មវិធីចុះកិច្ចសន្យានេះ គឺត្រូវបានប្រព្រឹត្តឡើងរវាងសហគមន៍ចំនួន ២២ ជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU Rice) ដោយមាន លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យផ្នែកនិយ័តករ។

ជាមួយគ្នានេះផងដែរ កម្មវិធីនេះទទួលបានការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុ ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងការគាំទ្រពីរដ្ឋបាលសាលាខេត្តកំពង់ធំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហព័ន្ធស្រូវអង្ករកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក (IFC-World Bank)។

សូមបញ្ជាក់ថា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នាខេត្តបាត់ដំបង ក៏បានប្រារព្ធធ្វើឡើង នូវការចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា វាងសហគមន៍ចំនួន៨ លើបរិមាណផ្គត់ផ្គង់ និងទទួលទិញស្រូវចំនួន១៨០០០តោន ហើយនៅចុងខែសីហា ឆ្នាំ២០២០នេះ នឹងមានចុះកិច្ចសន្យា សម្រាប់សហគមន៍ចំនួន៥០ទៀត លើបរិមាណស្រូវនិរន្តភាព ប្រមាណជាង១០០០០តោន ជាមួយសហគមន៍កសិកម្មមកពីខេត្តព្រះវិហារ កំពត កំពង់ឆ្នាំង តាកែវ និង មណ្ឌលគីរី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។

ជាការវាយតម្លៃខ្ពស់នៅក្នុងចំណាប់អារម្មណ៍បើកកម្មវិធី ពីសំណាក់ លោក ព្រីម រដ្ឋា ទៅលើពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មនាថ្ងៃនេះ ដែលលោកអភិបាលរង ពិតជាមានមោទនភាពជំនួសឲ្យកសិករផលិតស្រូវនៅក្នុងខេត្តកំពង់ធំ និងខេត្ត២ផ្សេងទៀត គឺខេត្តសៀមរាប និងកំពង់ចាម ដែលទទួលបានឱកាស ក្នុងការចុះកិច្ចសន្យា ផលិតកម្មកសិកម្មជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលនឹងជាការបម្រើផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ពោលគឺជាការធានា ទាំងចំពោះក្រុមហ៊ុន និងចំពោះសហគមន៍។

លោកបានថ្លែងថា «ថ្ងៃនេះ ខ្ញុំគិតថា ការប្រមូលទិញស្រូវពីសហគមន៍ទាំង២២ ដែលត្រូវផលិតស្រូវជាង៥០០០តោន គឺជាចំនួនច្រើនណាស់។ នេះជាការជួយ ដល់បងប្អូនមួយចំណែកធំ»។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងតាងនាមឲ្យវិស័យស្រូវអង្ករកម្ពុជាថា កម្មវិធីស្រូវ-អង្ករប្រកបដោយនិរន្តរភាព (SRP) នេះ អាចប្រព្រឹត្ត ទៅបានដោយជោគជ័យ គឺមិនអាចខ្វះបានទេ នូវកិច្ចសហប្រតិបត្តិរួមគ្នានៃសមាសភាពទាំងបួន ដែលរួមមាន៖ វិស័យសាធារណៈ ក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងអ្នកផលិតបានឡើយ ឬយើងក៏អាចហៅម្យ៉ាងទៀតថា យន្តការ 4Ps (PPPP–Public Private Producer Partnership)។

លោកឧកញ៉ា បានបន្តថា «សម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ និងការធ្វើពាណិជ្ជកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព និងចូលរួមចំណែកក្នុងគោលនយោបាយ ជំរុញការនាំចេញអង្ករកម្ពុជា ទោះបីជាបរិមាណផ្គត់ផ្គង់ស្រូវនៅថ្ងៃនេះ ត្រឹមតែជាង ៥០០០តោន តែវានឹងក្លាយទៅជាកម្មវិធីគំរូសម្រាប់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអ្នកនាំចេញ និងសហគមន៍កសិករផ្សេងៗទៀត នៅតាមបណ្តាខេត្តផ្សេងទៀត ក្នុងការអនុវត្តនូវកិច្ចសន្យាផលិតកម្មកសិកម្ម និងការចូលរួមកម្មវិធីស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព»

លោកឧកញ៉ា ប្រធានសហព័ន្ធក៏បានលើកទឹកចិត្តដល់សហគមន៍កសិកម្ម ដែលដើម្បីក្លាយខ្លួនជាសហគមន៍ និងជាកសិករជោគជ័យបាន គឺត្រូវប្រែក្លាយពីកសិករធម្មតា ទៅសហគ្រិនកសិករដែលអាចគ្រប់គ្រង និងទទួលបាននូវ ១-ទីផ្សារ, ២-បច្ចេកទេសគាំទ្រពីអង្គការដៃគូ និង ៣-កញ្ចប់ថវិកាឬឥណទានសមស្របពីធនាគារ។

ការប្តេជ្ញារបស់សហគមន៍កសិកម្មទាំង២២ ក្នុងការផ្គត់ផ្គង់ស្រូវនិរន្តរភាពដល់ក្រុមហ៊ុន អេមរុរ៉ាយ៍ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្តែងឲ្យឃើញ តាមរយៈការបង្ហាញអំពីដំណើរការ និងលទ្ធផលនៃការផលិត ការត្រួតពិនិត្យគុណភាពស្រូវយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។

ជាក់ស្តែង តំណាងសហគមន៍កសិកម្មនិរន្តរភាពសាមគ្គីភូមិខ្ញុំ ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី ស៊ីវ វ៉ាន់ឌី ដែលជាអនុប្រធានសហគមន៍កសិកម្មមួយនេះ បានថ្លែងជំរាបជូនក្នុងអង្គពិធីទាំងមូលថា ការចុះកិច្ចសន្យាកសិកម្មរបស់សហគមន៍របស់អ្នកស្រី ជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ គឺត្រូវបានចាប់ផ្តើមសហការគ្នាតាំងពីឆ្នាំ២០១៨មកម្ល៉េះ។

សហគមន៍របស់អ្នកស្រី មានសមាជិកផលិតស្រូវ SRP ចំនួន៦៤នាក់ លើផ្ទៃដីដាំដុះ ១៥៥ ហិកតា និងទទួលបានទិន្នផល ៣៨៨តោន ហើយចាប់ពីចុះកិច្ចសន្យា កសិកម្មមក ជីវភាពរបស់សមាជិកក្នុងសហគមន៍ចាប់ផ្តើមប្រសើរឡើង។

អ្នកស្រី ក៏បានចែករំលែកបទពិសោធន៍ជោគជ័យដែលត្រូវបានចាត់ទុក ជាគោលដៅរបស់សហគមន៍ នាពេលកន្លងមក តាមរយៈការចុះកិច្ចសន្យាកសិកម្មនេះថា «គោលដៅរបស់សហគមន៍ខ្ញុំ គឺធ្វើអ្វីឱ្យបានជោគជ័យ គឺត្រូវការការសហការគ្នារវាងគណៈកម្មការសហគមន៍ និងសមាជិកក្រុមផលិត សហការគ្នាតាមបែបធ្វើផែនការ ចុះទៅផ្ទាល់ ពិភាក្សាជាមួយពួកគាត់ យើងផ្តល់ទំនុកចិត្តទៅដល់ពួកគាត់ ឧទាហរណ៍ពេលយើងបានកុងត្រា (ជាមួយក្រុមហ៊ុន) អញ្ចឹងពេលត្រលប់ទៅវិញ យើងហៅពួកគាត់មកប្រជុំផ្សព្វផ្សាយផ្ទាល់តែម្តង។ យើងតាំងចិត្តថា យើងត្រូវតែរកទីផ្សារឱ្យពួកគាត់ឱ្យទាល់តែបាន»៕