Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Puerto Rico រកឃើញជំងឺ Zika ចំនួន ១៨ករណី ខណៈដែល Costa Rica មាន១ករណី

27-01-2016 09:29

( Puerto Rico)៖ មន្ត្រីសុខាភិបាលនៃប្រទេស Puerto Rico បានប្រកាសឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអង្គារម្សិលមិញនេះ មានអ្នកឆ្លងជំងឺ Zika ចំនួន ១៨ករណី ខណៈដែលជាង ២០០ករណីទៀត កំពុងតែធ្វើការស៊ើបអង្កេត នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា។

ស្របពេលជាមួយគ្នានោះដែរ នៅឯ Costa Rica វិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសនេះ ក៏បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ Zika ដំបូងម្នាក់ផងដែរ ដែលបុរសនោះមានវ័យ ២៥ឆ្នាំ បានឆ្លងជំងឺនេះ នៅក្នុងអំឡុងពេល​ដំណើរកម្សាន្តទៅកាន់​ប្រទេសកូឡុំប៊ីកាលពី ប៉ុន្មានថ្ងៃមុន។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ក៏បានចេញសេចក្ដីព្រមានដល់​ស្ដ្រីដែលមានផ្ទៃពោះទាំងឡាយ កុំធ្វើដំណើរ​ឆ្លង​កាត់​ចំនួន ២២តំបន់ នៅក្នុងតំបន់​អាមេរិកឡាទីន, អាហ្វ្រិកខាងលិច និង​ប៉ាស៊ីហ្វិគខាងត្បូង។

នៅសប្ដាហ៍មុននេះ ប្រទេស​ថៃ បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​ Zika ទៅ​លើ​បុរស​ម្នាក់​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ ខណៈ​នៅ​សហរដ្ឋអាមេរិក​ក៏​មាន​៣​ករណី​ដែរ​។

គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​៕