(ភ្នំពេញ)៖ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភធុងសំរាម១០៥ធុងផ្សេងទៀត ដល់ការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយទើបប្រគល់ធុងសំរាម២៣០ធុងដល់សាលាបឋមសិក្សាចំនួន២៣ ក្នុងខណ្ឌនេះ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែងថា «ការបន្តឧបត្ថម្ភធុងសំរាមជាហូរហែរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ស្ថាប័នផ្សេងៗ ដែលបម្រើក្នុងវិស័យអប់រំក្នុងខណ្ឌដង្កោ គឺជាវិភាគទានដើម្បីចូលរួមបណ្តុះកាយវិការថែរក្សាអនាម័យបរិស្ថាន ដល់សិស្សានុសិស្ស ពីព្រោះថាទម្លាប់ល្អដែលមានក្នុងសាលារៀនយ៉ាងណា ចេញទៅខាងក្រៅក៏អ៊ីចឹងដែរ»

ធុងសំរាម១០៥ធុងនេះ នឹងផ្តល់ជូនការិយាល័យអប់រំ យុវជន និង កីឡាខណ្ឌដង្កោ វិទ្យាល័យទួលអំពិល, វិទ្យាល័យពងទឹក, វិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស, អនុវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ដង្កោ, អនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង, អនុវិទ្យាល័យត្រពាំងសាលា, អនុវិទ្យាល័យទៀន, អនុវិទ្យាល័យរលួស, និងអនុវិទ្យាល័យគងនយ។

ត្រឹមខែសីហា ឆ្នាំ២០២០នេះ ខ្មែរ ប៊ែវើរីជីស បានចែកធុងសំរាមសរុប៧៥០ធុងដល់ស្ថាប័នផ្សេងៗក្នុងខណ្ឌដង្កោរួមមាន ៣១៥ធុងដល់វត្តអារាម រដ្ឋបាលខណ្ឌ នគរបាល កងរាជអាវុធហត្ថ សាខាពន្ធដារ និងការិយាល័យគយ, ១០០ធុងដល់ស្ថាប័នសុខាភិបាល និង៣៣៥ធុងទៀតដល់ស្ថាប័នអប់រំ៕