(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលរបស់ខ្លួន នៅពេលជួបគ្រោះអាសន្ននោះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ម៉ូតូមួយគ្រឿង ជូនដល់លោក ឡេង ឡា នាយការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោយត្រូវក្រុមចោរបានប្លន់ម៉ូតូរបស់លោក នៅយប់មិញនេះ នាភូមិត្រពាំងរំចេក សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ ។
លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះ ខ្ញុំបានប្រគល់ម៉ូតូមួយគ្រឿងវិញ ជូនលោក ឡេង ឡា ដើម្បីជិះបន្តការងារ ក្រោយពីលោកត្រូវបានចោរប្លន់ម៉ូតូ នៅយប់មិញនោះ»។
សូមបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់ ដែលជិះម៉ូតូទៅយាមប្រចាំការ នៅការដ្ឋានសំណង់ព្រះវិហារ តាមប្រឡាយទឹក ស្ថិតនៅភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជាប់ព្រំប្រទល់ខណ្ឌដង្កោ ត្រូវបានក្រុមចោរមានគ្នា៣នាក់ ចេញមកស្ទាក់ ហើយបាញ់ប្លន់យកម៉ូតូមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព នៅចន្លោះម៉ោង៧ ទៅម៉ោង៨ យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះជាមន្រ្តីនគរបាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ ឡេង ឡា នាយការិយាល័យប្រឆាំងភេរវកម្ម បានបើកម៉ូតូមួយគ្រឿង ម៉ាក Dream C125 សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BR-5389។
មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូដោយស្ពាយកាំភ្លើងមួយដើម យកទៅជាមួយ លុះពេលជិះជិតដល់កន្លែងកើតហេតុ ជាកន្លែងយាមប្រចាំការ ដែលនៅជាប់ព្រំប្រទល់ ខណ្ឌដង្កោនោះ ក៏លេច មុខជនសង្ស័យ៣នាក់ អង្គុយចាំនៅលើភ្លឺប្រឡាយប្រដាប់ ដោយកាំភ្លើង ចេញមកស្ទាក់ហើយភ្ជង់ បាញ់២គ្រាប់ប្លន់យកម៉ូតូ បើកគេចដោយសុវត្ថិភាព ។
តាមសេចក្តីរាយការណ៌ ជនរងគ្រោះក៏បាញ់ត្រឡប់ទៅវិញដែរ តែករណីនេះមិនបណ្តាលឲ្យជនរងគ្រោះរងរបួសនោះទេ។ ក្រោយកើតហេតុ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៌ភ្លាមៗផងដែរ៕