(សៀមរាប)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាបានថ្លែងថា ការរៀបចំឥណទានឡើងវិញ ដល់អតិថិជនជាវិធានការចំបងមួយក្នុងចំណោមវិធានការជាច្រើនទៀតដែលធនាគារជាតិនៃកម្ពុជាត្រូវឆ្លើយតបបន្ទាន់ នៅក្នុងដំណាក់កាលនៃការរងផលប៉ះពាល់ពីវិបត្តិនៃវីរុសកូវីដ១៩។
ការថ្លែងដូចនេះរបស់លោក គិត សុវណ្ណារិទ្ធិធ្វើលើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំធ្វើនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀម។
លោក គិត សុវណ្ណារិទ្ធ ឲ្យដឹងថា គិតត្រឹមខែ មិថុនា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាបានធ្វើការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩ បានចំនួនជាង២៦ម៉ឺននាក់ដែលមានទំហំទឹកប្រាក់ស្មើនឹង៣,៧៦៨លានដុល្លារអាមេរិក។
លោក គិត សុវណ្ណារិទ្ធ បានអះអាងថា «ការដាក់ចេញវិធានការរបស ធនាគារជាតិ គឺសម្រាប់ជួយគាំទ្រ និងសម្រួលដល់សន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តគ្រឹះស្ថានផ្តល់ប្រាក់កម្ចីទាំងអស់ឲ្យ បន្តការផ្តល់ឥណទានដល់វិស័យឯកជនដែលកំពុងមានតម្រូវការសាច់ប្រាក់ក្នុងការបន្តនិរន្តរ
ភាពអាជីវកម្មរបស់ខ្លួន សំខាន់ជាងនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់»។
លោក គា បូរាណប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២០អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាង២៥ម៉ឺននាក់ស្មើប្រមាណជាង៩០% នៃ អ្នកបានដាក់ពាក្យស្មើសុំបានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនជាង១,២៣២លានដុល្លារអាមេរិក។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ផងថាសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធនាគារជាតិនៃកម្ពុជារៀបចំឡើងនេះមានគោលដៅ ដើម្បីលើកកម្ពស់ការយល់ដឹងដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទដែលពាក់ព័ន្ធទាំងអស់មានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់ បញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
លោកបន្ដថា ទន្ទឹមនឹងនេះមានបំណង ដើម្បីរូមគ្នាបញ្ចៀសកុំឲ្យប្រជាជនដែលជាអ្នកប្រើប្រាស់ និងអ្នកខ្ចីប្រាក់រួចចាកផុតពីការកេងប្រវ័ញ្ញ និងមានបំណុលវ័ណ្ឌក ដោយសារការមិនយល់បានច្បាស់ពីការប្រើប្រាស់ប្រាក់កម្ចី៕