(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។
ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុត្រួតពិនិត្យ ដោយសវនករឯករាជ្យ ដែលបង្ហាញនៅក្នុងគេហទំព័រ របស់ផ្សារមូលបត្រកម្ពុជា ព្រឹកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញចំនួន៨១.៣លានដុល្លារអាមេរិក (ប្រាក់ចំណេញមុនបង់ពន្ធ)។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ និងជាមន្រ្តីទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា «ធនាគារ អេស៊ីលីដា បានចាត់ចែងនិរន្តរភាពអាជីវកម្ម ទាំងវិធានបច្ចេកទេស ធនធានមនុស្ស ទុនហិរញ្ញវត្ថុ សម្រាប់គាំទ្រកំណើនលូតលាស់ នៃដំណើរការអាជីវកម្មរបស់ខ្លួន ដោយរក្សាបាននូវសុខុមាលភាពហិរញ្ញវត្ថុ ស្របតាមផែនការយុទ្ធសាស្រ្ត។ ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២០ ស្ថានភាពប្រាក់ចំណេញរបស់ធនាគារ ទទួលបានជាងពាក់កណ្តាលនៃផែនការអាជីវកម្ម»។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុត នៅកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣.៩១ ពាន់លានដុល្លារអាមេរិក និងមូលធនសរុប១.០១ពាន់លានដុល្លារអាមេរិក៕