(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ១៣០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទទួលបានសម្ភារវិជ្ជាសាស្រ្ដ និងស្បៀងអាហារ ពីក្រុមហ៊ុនមិត្តចិន China Jiangxi International Economic and Technical Cooperation Co.Ltd., ដែលតំណាងដោយ Mr. Vincent Pu។
ពិធីនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ធ្វើឡើងក្រោមវត្ដមាន លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក សាមគ្គីមានជ័យ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ក្នុងនោះ ក៏មានការចូលរួម ជាមួយលោក-លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានចូលរួមប្រគល់ ទទួលអំណោយសប្បុរសធម៌នេះ ផងដែរ។
សម្ភារវិជ្ជាសាស្រ្ដ និងស្បៀងអាហារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងគ្មានទីពឹងចំនួន១៣០គ្រួសារ មកពីឃុំទាំង៩ ក្នុងស្រុកសាមគ្គីមានជ័យ នៅក្នុងដំណាក់កាលនៃវិបត្តិជំងឺ COVID-19 ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ ចាត់ចែងចែកជូនប្រជាពលរដ្ឋ ក្នុងឃុំទាំង៩រួមមាន៖
* អង្ករចំនួន ៦,៥០០គីឡូក្រាម
* មីជាតិចំនួន១៣០កេសតូច
* ទឹកត្រីចំនួន១៣០យួរ ស្មើនឹង៧៨០ដប
* ទឹកស៊ីអ៊ីវ ចំនួន១៣០យួរ ស្មើនឹង៧៨០ដប
* ម៉ាស១៣០ប្រអប់ ស្មើនឹង៦,៥០០ ម៉ាស
* ទឹកអាល់កុល១៣០យួរ ស្មើនឹង៧៨០ដប
* ទែម៉ូម៉ែត្រសម្រាប់វាស់កំដៅចំនួន១៣០ដើម និងកូនសៀវភៅណែនាំ ពីវិធីការពារជំងឺកូវីត១៩ ចំនួន១៣០ក្បាល៕