(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើករដ្ឋានសាងសង់អគារសិក្សា ក្រោមគម្រោងពង្រីកសាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ក្នុងរង្វង់ទឹកប្រាក់ជាង២លានដុល្លារអាមេរិក។
ពិធីបញ្ចុះបឋមសិលានេះ រៀបចំឡើងនៅអនុវិទ្យាល័យទឹកល្អក់ ស្ថិតនៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ដោយមានការចូលរួមមន្ត្រីសាលារាជធានី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានថ្លែងថា គម្រោងពង្រីកសាលាមធ្យមសិក្សាសាលា នៅរាជធានីភ្នំពេញវគ្គមួយ មានអគារសិក្សាចំនួន ៤ខ្នង ត្រូវនឹង៧៦បន្ទប់ សង់នៅក្នុងវិទ្យាល័យ និងអនុវិទ្យាល័យចំំនួន៤ ក្រោមហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន។
លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងទៀតថា វិស័យអប់រំនៅរាជធានីភ្នំពេញ នៅឆ្នាំសិក្សា២០១៥-២០១៦នេះ មានសាលាមត្តេយ្យសិក្សាចំនួន២៤សាលា ថ្នាក់មត្តេយ្យក្នុងបឋមសិក្សា១២៨សាលា មត្តេយ្យសហគមន៍២០កន្លែង ការអប់រំកុមារតូចតាមផ្ទះ១៨ភូមិ និងមត្តេយ្យឯកជន១៦៨សាលា មានសិស្សសរុប៣១០៤៦នាក់។ សាលាបឋមសិក្សាចំនួន១៦៤ សិស្សសរុប១៣៥៨៣៧នាក់, អនុវិទ្យាល័យ៣២ សិស្ស ១២៨៩៩នាក់, វិទ្យាល័យចំនួន ៣៤ សិស្ស ៧០៧២៧នាក់។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំង មេត្តាកុំសេពគ្រឿងញៀន គ្រឿងស្រវឹង ដែលនាំឲ្យខ្លួនធ្លាក់ក្នុងអំពើអបាយមុខ បាត់បង់អនាគត ហើយលោកក៏បានអំពាវនាវ ដល់សិស្សានុសិស្សឲ្យគោរពច្បាប់ចរាចរណ៍ផងដែរ កុំជួបគ្រោះថ្នាក់ចរាចរណ៍៕