(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលអំណោយអង្ករ ពីសប្បុរសជន ចំនួន៥តោន (៥,០០០ គីឡូក្រាម) ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា។
ការប្រគល់អំណោយអង្ករ ចំនួន៥តោន (៥,០០០ គីឡូក្រាម) របស់លោកស្រី ជា លាងស្រូយ តាមរយៈលោក ហាក់ វិសាល ដែលជាសប្បុរសជន និងការទទួលរបស់លោក ជា ពិសី បានធ្វើឡើងក្រោមការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ស្ថិតនៅសាលាខណ្ឌប្ញស្សីកែវ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
ក្នុងពិធីប្រគល់ និងទទួលអំណោយអង្ករ ចំនួន៥តោន (៥,០០០ គីឡូក្រាម) ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជានេះដែរ, លោក ជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ ជូនចំពោះ លោក-លោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលជាសប្បុរសជន សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ថែមពីនេះ អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ចំពោះកាយវិការ និងស្មារតីប្រកបដោយសប្បុរសនេះ ពិតជាបានចូលរួមចំណែកដល់សកម្មភាព របស់រដ្ឋបាលខណ្ឌ ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលកាលៈទេសៈកំពុងប្រឈមជំងឺកូវីដ-១៩ ហើយក៏ជាការចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ជាមួយក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕