(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយនាថ្មីៗនេះបង្គាប់ឲ្យអភិបាលខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពអតីតអង្គការសហគមន៍២ធ្នូ ដែលនៅបន្តសកម្មភាពខុសច្បាប់ ទោះបីជាក្រសួងមហាផ្ទៃ បានលុបឈ្មោះអង្គការនេះ រយៈពេល១ឆ្នាំហើយក៏ដោយ។
តាមលិខិតក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អង្គការសហគមន៍២ធ្នូ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលរួចហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ប៉ុន្តែរហូតមកដល់ពេលនេះអតីតអង្គការនេះនៅតែបន្តធ្វើសកម្មភាពបំពាននឹងបញ្ញត្តិមាត្រា៣២ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារ លោកសួស គាន ជាអតីតប្រធានសាខាអតីតអង្គការសហគមន៍២ធ្នូ នៅខេត្តព្រះសីហនុ ធ្វើការផ្ទេរសិទ្ធិឲ្យលោកសួសសារ័ត្នជាប្រធានស្ដីទីដើម្បីដឹកនាំនិងសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
លិខិតក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថាដូច្នេះក្រសួងមហាផ្ទៃស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើការណែនាំ និងតម្រូវឲ្យអតីតអ្នកដឹកនាំសាខាអតីតអង្គការសហគមន៍២ធ្នូ ត្រូវបញ្ឈប់នូវរាល់សកម្មភាពរបស់ខ្លួនជាកំហិត។ ក្នុងករណីអតីតអង្គការនេះ នៅតែបន្តធ្វើសកម្មភាពទៀត រដ្ឋបាលខេត្តត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕
ខាងក្រោមនេះ គឺជាលិខិតក្រសួងមហាផ្ទៃបង្គាប់ទៅ អភិបាលខេត្តព្រះសីហនុ៖