(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីគម្រោងវិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ហ្គោលខូសថ៍អ៉ិនធើណេសិនណល ឌីវេឡុបមិន ខូអិលធីឌី នៅក្នុងស្រុកកំពង់ត្រាច។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
កិច្ចប្រជុំនេះក៏មានការចូលរួម ពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកកំពង់ត្រាច និងប្រធាន ព្រមទាំងសហការីក្រុមហ៊ុន ហ្គោលខូសថ៍អ៉ិនធើណេសិនណល ឌីវេឡុបមិន ខូ អិលធីឌី ។
លោក ជាវ តាយ បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន គឺតែងតែបានជំរុញ និងចាត់ទុកគម្រោងវិនិយោគ ក្នុងវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងដើម្បីកំណើនការងារ សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោកថា ដូច្នេះរាល់គម្រោងនានាទាំងវិស័យរដ្ឋ និងវិស័យឯកជន រដ្ឋបាលខេត្តកំពត តែងតែបានចូលរួមគាំទ្រ សូមស្វាគមន៍ និងទទួលសំណើ ក្នុងកិច្ចសហការ ជាមួយដៃគូ ជានិច្ច ពោលឲ្យតែវិនិយោគទាំងអស់នោះ បម្រើដល់សេដ្ឋកិច្ចជាតិ កំណើនការងារ និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព និរន្តរភាពផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិរួម។
លោកអភិបាលខេត្ត ក៏បានចាត់ទុកកិច្ចប្រជុំពេលនេះ គឺគ្រាន់តែជាការពិនិត្យពិភាក្សា ចូលរួមមតិយោបល់ ពីមន្ទីរ អង្គភាពស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើគម្រោងដែលបានដាក់បង្ហាញ ក្នុងជំហរជាក់លាក់ និងប្លង់គោលមេរបស់ក្រុមហ៊ុនវិនិយោគ ហ្គោលខូសថ៍អ៉ិនធើណេសិនណល ឌីវេឡុបមិន ខូអិលធីឌី តែប៉ុណ្ណោះ។
ប៉ុន្តែជំហានបន្តទៀត លោកអភិបាលខេត្ត នឹងចាត់បញ្ជូន ក្រុមការងារឲ្យចុះពិនិត្យសិក្សាវាយតម្លៃ លើផលប៉ះពាល់ ដល់ទីតាំងជាក់ស្ដែង ពាក់ព័ន្ធលើការងារបច្ចេកទេស ទិដ្ឋភាពផ្លូវច្បាប់ និងកសាងឯកសារពាក់ព័ន្ធដទៃទៀត រួចគោរពបញ្ជូនស្នើទៅសុំគោលការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលខូសថ៍អ៉ិនធើណេសិនណល ឌីវេឡុបមិន ខូ អិលធីឌី គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុក ហើយបច្ចុប្បន្ន បាននិងកំពុងដាក់សំណើ ជូនរដ្ឋបាលខេត្តកំពត ដើម្បីសិក្សាពិនិត្យវាយតម្លៃ ទាំងផលប៉ះពាល់និងទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធផ្សេងទៀត សម្រាប់សុំគោលការណ៍ ទៅរាជរដ្ឋាភិបាល ក្នុងការវិនិយោគអភិវឌ្ឍ ទៅលើកគម្រោងសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូ និងសេវាកម្មវិស័យ ទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមួយចំនួនទៀត នៅលើផ្ទៃដីទំហំ ចំនួន៤២ហិកតា ស្ថិតនៅភូមិសាស្រ្តតំបន់ជាប់មាត់សមុទ្រ ក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ផ្អែកតាមផែនការមេនៃគម្រោងវិនិយោគនេះ មានទឹកប្រាក់សរុបប្រមាណជិត ៤៣លានដុល្លារអាមេរិក ហើយផ្តល់ការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែងផងដែរ៕