(កំពង់ឆ្នាំង)៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូងសរុប ៩៥,៩៣៨, ៦៨០៛ ត្រូវបាននាយកបេឡាជាតិអតីតយុទ្ធជនសហការជាមួយគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត រួមជាមួយការិយាល័យបេឡាជាតិ អតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង និងសាខាបេឡាអតីតយុទ្ធជន ស្រុក ក្រុង បាននាំយកមកប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន១៤គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រួសារសពអតីតយុទ្ធជនចំនួន១៤គ្រួសារ ដែលបានមកទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ខាងលើនេះ គឺបានអញ្ជើញមកពី៧ស្រុក ក្រុងមានដូចជា៖ ស្រុកកំពង់ត្រឡាច១គ្រួសារ, ស្រុកសាមគ្គីមានជ័យ២គ្រួសារ, ស្រុករលាប្អៀរ១គ្រួសារ, ស្រុកបរិបូណ៌៥គ្រួសារ, ស្រុកកំពង់លែង១គ្រួសារ, ស្រុកទឹក ផុស៣គ្រួសារ , និងក្រុងកំពង់ឆ្នាំង១គ្រួសារ។ ក្នុងនោះមានអតីតយោធិនពិការចំនួន៧រូប និងអតីតនិវត្តជនចំនួន៧រូប ក្នុងចំណោមទាំង១៤រូបនេះ ក៏មានមន្ត្រីនគរ បាល២រូបផងដែរ។
គ្រួសារអតីតយុទ្ធជនទាំងអស់ ពេលដែលទទួលមរណភាពគ្រួសារនៃសព ត្រូវបានរដ្ឋឧបត្ថម គឺមានឪពុកម្តាយបង្កើត អាណាព្យាបាល ប្រពន្ធហើយនិងកូន។ ក្នុងនោះឪពុកម្តាយទទួល បាន៨០០០៛ក្នុង១ខែ, ប្រពន្ធ១៥០០០៛ ក្នុង១ខែ, កូនដែលមានអាយុ២០ឆ្នាំចុះ ទួលបាន១០០០ ០៛ ក្នុង១ខែ។ ចំពោះការក្លាយទៅជាគ្រួសារពលីមរណៈក្នុងគ្រូសារនិមួយៗ អ្នកដែលកាន់សៀវភៅត្រូវទទួលបានប័ណ្ណសមធម៌ សុខាភិបាល ដែលមានតម្លៃស្មើនិងប័ណ្ណ បសស ផងដែរ។
លោកនាយក ហុង ហ៊ាង ជានាយកបេឡាជាតិ អតីតយុទ្ធជន បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News ថា ប្រាក់ដែលបានយកមកប្រគល់ជូនដល់គ្រួសារសព អតីតយុទ្ធជនទាំង ១៤គ្រួសារនេះ គឺជាប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលយើងទាំងអស់គ្នាទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។ ការនេះក៏អនុវត្តតាមគោលការណ៍ណែនាំរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអាណាព្យាបាលបច្ចេកទេស នៃបេឡាជាតិអតីតយុទ្ធជន ត្រូវបានពង្រឹងការ អនុវត្តប្រកបដោយចីរភាពនូវការផ្ដល់សេវាសាធារណៈ ដល់គ្រួសារអតីតយុទ្ធជន បានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស ដើម្បីជាឧត្តមប្រយោជន៍ ជូនដល់យុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ ក្នុងការរួមចំណែកការពារជាតិមាតុភូមិ។
ក្រោមកិច្ចសហការរវាងក្រសួងជាអាណាព្យាបាលចំនួន ២គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ គឺក្រសួងបានផ្តល់ជូននូវថវិកាបង្វិល សម្រាប់ពន្លឿននីតិវិធី នៃការអនុវត្តផ្ដល់សាច់ប្រាក់ ជូនគ្រួសារសពដែលជាអតីតយុទ្ធជន បានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ។
ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងផងដែរថា អតីតយុទ្ធជន បានកកើតឡើងដោយសារស្មារតីឈ្លាសវ័យរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចមើលឃើញនូវការប្រឹងប្រែងតស៊ូរំដោះទឹកដី ដែលយុទ្ធជនយើង បានបូជាសាច់ស្រស់ឈាមស្រស់ពលីពិការ ដាច់ជើង ដាច់ដៃ នៅលើសមរភូមិ កាលពីសម័យសង្គ្រាម គុណបំណាច់ដ៏ធំធេងទាំងនេះហើយ ដែលធ្វើឲ្យសម្តេចមិនអាចបំភ្លេចបានឡើយ។
បច្ចុប្បន្ននេះសមាជិក សមាគម អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួន២៩៣១នាក់ ក្នុងនោះមានទាំងពិការ សោធន៍ គ្រួសារមរណៈពលីលើសមរភូមិ និងបាត់បង់សមត្ថភាពការងារ ឥឡូវនេះនៅមានជាង ១០០នាក់ទៀត កំពុងបំពេញឯកសារបញ្ចូលថ្មីជាន្ថែមទៀត ដែលភាគច្រើនគឺបងប្អូននគរបាលដែលចូលសោធន៍និវត្តន៍ ត្រូវចូលជាសមាជិក សមាគមអតីតយុទ្ធ ជនកម្ពុជាបន្ថែម។ ដោយបច្ចុប្បន្នមានលោកផ្ទាល់ជាប្រធានសមាគម និងអភិបាលខេត្ត ជាប្រធានកិត្តិយស ហើយបាននិងកំពុងខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យបានលឿនរហ័ស ជូនគ្រួសារអតីតយុទ្ធជន ដោយមិនមានការធ្វេសប្រហែសឡើយ។
ការយកចិត្តទុកដាក់ជាចម្បងនោះគឺ នៅពេលបងប្អូនអតីតយុទ្ធជន ដែលទទួលមរណភាព ហើយត្រូវទទួលបានប្រាក់បេឡាមរណៈសង្គ្រោះចំនួន៤លានរៀលនោះ នៅពេលដែលបាត់បង់ជីវិតបងប្អូនណាម្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ គឺត្រូវតែទៅដល់ផ្ទះបងប្អូនភ្លាមៗ មិនថាយប់ ឬក៏ភ្លៀងផ្គរនោះឡើយ៕