(ស្វាយរៀង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងកម្មវិធីវេទិកា ពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ ជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
វេទិកានេះក៏មានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក-លោកស្រី ជាអភិបាលរងខេត្ត លោកប្រធានសភាពាណិជ្ចកម្មខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងកសិករគំរូផ្នែកដាំបន្លែ កសិករគំរូផ្នែកចិញ្ចឹមត្រី កសិករគំរូផ្នែកចិញ្ចឹមមាន់។
លោក ម៉ែន វិបុល បានអរគុណចំពោះលោក ហ៊ុន ម៉ានី ចូលរួមដោយផ្ទាល់នៅក្នុងវេទិកា ដ៏មានសារៈសំខាន់នៅខេត្តស្វាយរៀងនាថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្ត សូមសម្ដែងនូវការគាំទ្រចំពោះ ប្រធានបទនៅថ្ងៃនេះ គឺពិតជាសមស្រប និងឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងខេត្ត ដែលមានប្រជាពលរដ្ឋប្រមាណជា៦១% ប្រកបមុខរបរកសិកម្ម និងជាខេត្តមួយ ដែលកំពុងមានសក្ដានុពល លើវិស័យកសិឧស្សាហកម្ម ហើយ ប្រធានបទនេះ ក៏ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលយើងទាំងអស់គ្នាត្រូវរួមគ្នា ក្នុងការគិតគូរបង្វែរវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការបង្កើន សក្ដានុពលផ្នែកកសិកម្ម។
លោកបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈវេទិកានេះ នឹងទទួលបានទាំងចំណេះដឹង លើផ្នែកទ្រឹស្ដី និងបទពិសោធន៍ជោគជ័យ ដែលកើតចេញពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានបំផុសនូវគំនិត ក្នុងការចាប់យកឱកាសក្លាយទៅជាសហគ្រិនជោគជ័យទៅថ្ងៃអនាគត ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសូមគាំទ្រនិងលើកទឹកចិត្តឲ្យយុវជន ក្លាហានតាមរយៈការចាប់ផ្ដើម ក្នុងការចាប់យកឱកាសវិនិយោគ។
លោក ហ៊ុន ម៉ានី បានថ្លែងថា ដោយមើលឃើញ ពីការអភិវឌ្ឍន៍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចជ្រើសរើសខេត្តស្វាយរៀង គឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ ក្នុងការរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម»។
លោកបានបញ្ជាក់ថា វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធ ទៅលើឱកាសឈានទៅរក ភាពជោគជ័យក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន និងម្ចាស់អាជីវកម្ម ការបំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើត អាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់។
ទន្ទឹមនោះ លោក ហ៊ុន ម៉ានី ក៏សូមថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានសហការរៀបចំវេទិការនេះឡើង ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម៕