(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកកាលពីម្សិលមិញនេះ បានផ្តល់ផល់ប្រយោជន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាង កម្ពុជា និងអាមេរិក ព្រមទាំងរវាងអាស៊ាន ជាមួយអាមេរិកផងដែរ។
សម្តេចតេជោ បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចដែលមានអ្នកគាំទ្រជាង ២លាននាក់នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា «នៅក្នុងជំនួបថ្ងៃម្សិលមិញរវាងខ្ញុំ និង John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានរយៈពេលជាង ១ម៉ោង នៅវិមានសន្តិភាព គឺបានទទួលលទ្ឋផលវិជ្ជមានល្អជាច្រើនសម្រាប់កម្ពុជា។ ខ្ញុំបានស្នើទៅអាមេរិក ឲ្យបើកទីផ្សារសម្រាប់ផលិត ផលកម្ពុជា ឲ្យបានទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួលក្នុងការនាំចេញផលិតផលពីកម្ពុជាចេញទៅទីផ្សារអាមេរិក»។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងជំនួបនេះ សម្តេច ក៏បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិក ដើម្បីទប់ស្កាត់អំពីភេរកម្ម ក៏ដូចជាជំហរកម្ពុជាគាំទ្រដំណោះស្រាយបញ្ហាលើការចរចាពិភាក្សា ដែលនាំមកនូវសន្តិភាពសម្រាប់តំបន់ទាំងមូលផងដែរ។
សម្តេចបានបន្តយ៉ាងដូច្នេះ«ជារួមជំនួបនេះ គឺបានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក និងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកផងដែរ»។
សូមបញ្ជាក់ថា ប្រមុខការទូតអាមេរិកលោក John Kerry នៅថ្ងៃទី២៦ ខែមករា ម្សិលមិញនេះ បានចំណាយជាច្រើនម៉ោងនៅក្នុង ប្រទេសកម្ពុជា ដោយបានទៅទស្សនានៅមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង សារមន្ទីរជាតិ បន្ទាប់មកចូលជួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាមួយអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។ មុននិងចាកចេញពីកម្ពុជា បន្តដំណើរទៅកាន់ប្រទេសចិន លោក John Kerry ក៏បានទស្សនានៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។
លោក John Kerry ដែលធ្លាប់មកទស្សនាកម្ពុជាម្តងកាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ ក្នុងនាមជាសមាជិកព្រឹទ្ធសភា ដើម្បីបង្កើតសា លាក្តីខ្មែរក្រហមនោះ បានបង្ហាញសុទិដ្ឋនិយមយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន។ លោក បានគូសបញ្ជាក់ ថា កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានមកនេះ។
ជារួមដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក មកកម្ពុជានេះ ត្រូវបានគេមើលឃើញថា ជាពន្លឹថ្មី នៃទំនាក់ទំនងក្រុងវ៉ា ស៊ីនតោន និងរាជធានីភ្នំពេញ ដែលធ្លាប់តែលិចអណ្តែតកាលពីអតីតកាលនោះ នឹងកាន់តែល្អប្រសើរ ជាពិសេសទំហំពាណិជ្ជកម្ម ត្រូវបានគេរំពឹងថា នឹងរីកធំធាត់កាន់តែឃ្លាំងផងដែរ៕