(ភ្នំពេញ)៖ ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលទទួលបានការវាស់វែងឃ្វៀលដី លំនៅឋានរបស់ពួកគាត់ ចេញពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងពន់ពេក នៅពេលដែលអាជ្ញាធរដោះស្រាយក្តីកង្វល់ របស់ពួកគាត់ទាន់ពេលវេលា។

លោក ហ៊ុន ជាង រស់នៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ដែលបានទទួលបានការវាស់វែងដី លំនៅឋានរបស់ខ្លួនចេញ ពីគម្រោងអភិវឌ្ឍន៍ តាមគោលការណ៍របស់សាលារាជធានីភ្នំពេញ បានឲ្យអង្គភាព Fresh News ដឹងថា លោក និងក្រុមគ្រួសារ មានការរីករាយសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរខណ្ឌ បានចុះមកវាស់វែងផ្ទៃដីរបស់ខ្លួន ឃ្វៀលចេញពីគម្រោងអភិវឌ្ឍន៍។
លោកបន្តថា «មិនយូរមិនឆាប់ខ្លួន និងទទួលបានកម្មសិទ្ធិស្របច្បាប់ ដែលចេញពីអាជ្ញាធរ ដែលកម្មសិទ្ធិនេះនឹងផ្តល់ភាពងាយស្រួលទាំងការរស់នៅ ទាំងការគ្រប់គ្រងផងដែរ»

មានអារម្មណ៍សប្បាយរីករាយ មិនខុសពីលោក ហ៊ុន ជាង សម្រាប់លោក ភាង គុយ អាយុ៦៥ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ព្រែកតាសេកវិញ ក៏បានបង្ហាញនូវក្តីរីករាយសប្បាយ នៅពេលបានឃើញ អាជ្ញាធរធ្វើការវាស់វែងដី លំនៅឋានរបស់គាត់ និងត្រៀមចេញបណ្ណកម្មសិទ្ធិស្របច្បាប់ មកឲ្យគាត់ ហើយថា គ្មានអ្វីនឹងនិយាយក្រៅ តែពីសប្បាយរីករាយទេ បន្ទាប់ពីទទួលបានការវាស់វែង រួចមកគ្រួសាររបស់លោក លេងសូវព្រួយបារម្ភ ដូចមុនទៀតហើយ ដោយពីមុនភ័យខ្លាចតែគេឲ្យរើចេញនៅពេលណាមួយ ប៉ុន្តែពេលនេះគ្មានអ្វីជាបញ្ហានោះទេ ពោលគឺត្រូវប្រឹងធ្វើការរកស៊ី និងសង្ឃឹមថា អាជ្ញាធរនឹងធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធឲ្យបានឆាប់ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនពួកគាត់។

ដោយឡែក លោក អឿ ស៊ីថន ចៅសង្កាត់ពែ្រកតាសេក បានឲ្យដឹងផងដែរថា នៅសង្កាត់របស់លោក ផ្ទៃដីដែលរងផលប៉ះពាល់ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជ្រោយចង្វារ មានទំហំប្រមាណជាង២៨ហិកតា ត្រូវនិង៣៧៤គ្រួសារ (ទាំងគ្រួសាររស់នៅក្នុងមូលដ្ឋាន និងរស់នៅក្រៅមូលដ្ឋាន) ហើយត្រូវអាជ្ញាធរសម្រេចវាស់វែងឃ្វៀលដី ចេញពីតំបន់អភិវឌ្ឍន៍ និងត្រៀមចេញបណ្ណកម្មសិទ្ធិ ស្របច្បាប់នាពេលខាងមុខ។

លោកចៅសង្កាត់បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំង៣៧៥គ្រួសារនេះ រស់នៅហ្នឹង ស្ថិតក្នុងភូមិ២នៃសង្កាត់ រួមមាន ភូមិព្រែកតាសេក និងភូមិដើមគរ ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន មានប្រមាណជាង៦០គ្រួសារ។ លោក អឿ ស៊ីថន បានបញ្ជាក់ថា «ប្រជាពលរដ្ឋរបស់យើងនៅទីនេះ បានត្រេកអរយ៉ាងខ្លាំង ប៉ុន្តែមិនទាន់ត្រេកអរពេកនោះទេ ព្រោះមិនទាន់បានទទួល បណ្ណកម្មសិទ្ធិ ប្រសិនបើបានទទួល បានបណ្ណកម្មសិទ្ធិ គឺច្បាស់ណាស់ត្រេកអរគ្មានអ្វីនិយាយឡើយ»។

លោកចៅសង្កាត់បានឲ្យដឹងទៀតថា ក្នុងភូមិសាស្ត្ររបស់លោក (ទាំង២ភូមិ) នៅសល់តែប្រជាពលរដ្ឋ៨គ្រួសារប៉ុណ្ណោះ ដែលមិនស្ថិតនៅក្នុងលក្ខខណ្ឌ ឃ្វៀលដីចេញ នៅមិនទទួលដោះស្រាយជាមួយ ក្នុងអាជ្ញាធររួចពាក់ព័ន្ធនឹងគម្រោងនេះ។

ជាមួយគ្នានេះដែរ មេភូមិដើមគរ លោក វ៉ាន់ ថាច ក៏បានថ្លែងពីអារម្មណ៍ របស់ប្រជាពលរដ្ឋក្នុងភូមិថា ពួកគេសប្បាយចិត្តជាមួយនឹងការអភិវឌ្ឍនេះ ព្រោះថា ពីមុនឡើយតំបន់នេះលិចទឹក៦ខែ រាំង៦ខែ ដល់ខែលិចទឹកម្តងៗ ពួកគាត់ត្រូវធ្វើដំណើរឲ្យជិះទូក ពិបាកជាខ្លាំងណាស់ នៅពេលដែលមានការអភិវឌ្ឍលំនៅ ឋានរបស់ពួកគាត់លែងលិចទឹក ដូចពីមុនទៀតហើយ។ លើសពីនេះ នៅពេលគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ សម្រេចបានរួចរាល់នោះតំបន់នេះ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតរួមមាន សាលារៀន មន្ទីរទេព្យ សួនច្បារ និងអ្វីៗជាច្រើនទៀត។  

លោក វ៉ាន់ ថាច បានបញ្ជាក់ទៀតថា «ពីមុនយើងមានការព្រួយបារម្ភ ពីគម្រោងនេះតែពេលនេះ គ្មានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះពេលដែលគម្រោងនេះធ្វើហើយ ប្រជាពលរដ្ឋនឹងទទួលបាន ផលប្រយោជន៍ជាច្រើនដូចជា តម្លៃដីរបស់ពួកគាត់នឹងឡើងថ្លៃ ពួកគាត់ងាយស្រួលរកការងារធ្វើ អាចងាយស្រួលលក់ដូរ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នេះធ្លាប់តែស្ងាត់ជ្រងំ និងមានភាពអ៊ូអរពិសេស នោះគឺហេដ្ឋារចនសម្ព័ន្ធតែម្តង»។

ដោយឡែក សម្រាប់មេភូមិព្រែកតាសេក លោក យាង ជេងអាន ក៏មានការយល់ឃើញមិនខុសពី មេភូមិនិងចៅសង្កាត់ខាងលើនេះដែរ ប៉ុន្តែពួកគាត់បានសំណូមពរឲ្យ អាជ្ញាធរពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ ស្នើសុំឲ្យតភ្ជាប់នូវបណ្តាញទឹកស្អាតប្រើប្រាស់ រួមទាំងក៏សាងនូវហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានល្អស្អាតឲ្យបានឆាប់ផងដែរ។

យ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋាន គ្រប់គ្នាសុទ្ធតែសរសេរពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដោយថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ពិតប្រាកដ និយាយពិតធ្វើពិត ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានធ្វើផ្លូវបេតុរឹងមុំា ស្របតាមលក្ខខណ្ឌបច្ចេកទេស រៀបចំប្រព័ន្ធបង្ហូរទឹកមានលក្ខណៈស្តង់ដារ ពិសេសក្រុមហ៊ុនតែងតែការរួមគ្នា សហការយ៉ាងស្អិតរមួត ដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ។  

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានប្រាប់អង្គភាព Fresh News ថា អាជ្ញាធរខណ្ឌជ្រោយចង្វារ  កំពុងតែពន្លឿនការវាស់វែងឃ្វៀលដីភូមិចាស់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ប្រមាណ៧០០គ្រួសារ ដោយរហូតមកដល់ពេលនេះ អាជ្ញាធរបានសម្រេចវាស់វែងរួចរាល់ បានជាច្រើនភូមិមកហើយ។ ដោយឡែក នៅភូមិមួយចំនួនទៀត គឺយើងកំពុងតែពន្លឿនការវាស់វែងឲ្យបានចប់សព្វគ្រប់នៅពេលដ៏ខ្លីខាងមុខ។ បន្ទាប់ពីបញ្ចប់ការវាស់វែង យើងនឹងសុំគោលការណ៍ របស់សាលារាជធានីភ្នំពេញ ដើម្បីសាលារាជធានីភ្នំពេញ ស្នើទៅរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ផ្តល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំងនោះស្របច្បាប់។

លោកអភិបាលបានឲ្យដឹងថា ភូមិសង្កាត់ត្រូវវាស់ឃ្វៀលកាត់ចេញរួមមាន ភូមិដើមគរ សង្កាត់ព្រែកតាសេក ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប និងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ដោយប្រជាពលរដ្ឋទាំងនោះ បានសម្តែងនូវក្តីត្រេកអរ ចំពោះដំណោះស្រាយ របស់អាជ្ញាធរជាមួយ និងការអភិវឌ្ឍនៅមូលដ្ឋានរបស់ក្រុមហ៊ុនផងដែរ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បញ្ជាក់យ៉ាងច្បាស់ថា «ផ្ទៃដីដែលក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា (OCIC) ទទួលបានការអនុញ្ញាតិធ្វើការអភិវឌ្ឍន៍ ពីសាលារាជធានីភ្នំពេញនោះ មានផ្ទៃដីសរុបចំនួន ៣៨៧ហិកតា ហើយដីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានចំនួន ៦ភូមិ ត្រូវនឹង៣សង្កាត់ ក្នុងនោះមានសង្កាត់ ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប សរុបចំនួនប្រមាណ ៧០០គ្រួសារ ស្មើនឹងផ្ទះដីសរុបចំនួន ៩០ហិកតា»។

លោក ឃ្លាំង ហួត បញ្ជាក់បន្ថែមថា លោកគាំទ្រភាគីប្រជាពលរដ្ឋជានិច្ច ធ្វើយ៉ាងណាការពារឲ្យបាននូវ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ដោយឡែកចំពោះផ្ទៃដីប្រហាក់ប្រហែលជា ២៩០ហិកតា ដែលក្រុមហ៊ុន OCIC ទទួលទៅអភិវឌ្ឍន៍ គឺជាផ្ទៃដីបឹងទំនេរ ហើយអ្នកគ្រប់គ្រងភាគច្រើនជាអ្នករស់នៅក្រៅមូលដ្ឋាន អាជ្ញាធររាជធានីភ្នំពេញនៅតែ បន្តធ្វើការដោះស្រាយប្រកបដោយសន្តិវិធី ភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់បំផុត។

គួរជម្រាបថា សាលារាជធានីភ្នំពេញ កាលពីឆ្នាំ២០១១ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ធ្វើការអភិវឌ្ឍតំបន់ជ្រោយចង្វារ ដោយរហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុងខិតខំអភវឌ្ឍន៍តំបន់នេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្និតស្នាលបំផុតជាមួយនឹងប្រជាពលរដ្ឋ៕

ចៅសង្កាត់ព្រែកតាសែក

មេភូមិដើមគរ និងមេភូមិព្រែកតាសេក

លោក ភាង គុយ អាយុ៦៥ឆ្នាំកំពុងជួយលក់ដូរកូន