(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២០ ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោក ផៃ ប៊ុនឈឿន បានបញ្ជាក់ពីការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៉ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។

លោក ផៃ ប៊ុនឈឿន ក៏បានផ្តោតសំខាន់ទៅលើការផ្តល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន និងសង្កត់ធ្ងន់ទៅបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមមូលដ្ឋាន និងឃុំមួយចំនួនមិនទាន់មានមណ្ឌលសុខភាព ក្នុងចំណុចការគិតមានការលំបាក និងស្នើដល់តំណាងក្រសួងសុខាភិបាល យកបញ្ហានេះរាយការណ៍ជូនទៅក្រសួងសុខាភិបាល ដើម្បីក្រសួងសុខាភិបាលមានវិធានការដោះស្រាយ នៅក្នុងចុងឆ្នាំ២០២០នេះ។

នៅក្នុងការថ្លែងចំណាប់អារម្មណ៍លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានបានបង្ហាញអំពីសមិទ្ធផល របស់រដ្ឋបាលខេត្ត និងសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយបានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម ដោះស្រាយបញ្ហានៅតាមវេទិការបានរលូន និងចំបញ្ហាទៀតផង។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តស្ទឹងត្រែង បានគ្រប់គ្រងស្ថានភាព កូវីដ១៩ បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងបន្តរឹតបន្តឹង ពិនិត្យតាមដានជាប្រចាំ ដោយយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជាប្រចាំ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំវេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាមគោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក។

ក្នុងនោះលោក ម៉ុម សារឿន បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនបានជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដោយការយកចិត្តទុកដាក់ដាក់ប្រាក់ឧបត្ថមចំពោះស្ត្រីក្រីក្រ កុមារក្រោម២ឆ្នាំ គ្រួសារដែលមាជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងយុទ្ធនាការប្រយុទ្ធនិងជំងឺកូវីដ ១៩បានយ៉ាងម៉ឺម៉ាត់ ហ្មតចត់ និងមានប្រសិទ្ធិភាពបំផុត។

ផែនការបន្ទាប់ ដើម្បីរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង មានផែនការដោយផ្តោតការយកចិត្តទុកដាក់អនុវត្ត លើកិច្ចការងារសំខាន់ដូចជា រៀបចំវេទិការសាធារណៈផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន បន្តជំរុញផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ បន្តតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារ ក្នុងការផ្តល់ប័ណ្ណសមធម៍ បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បន្តទប់ស្កាត់បទល្មើសព្រៃឈើ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបន្តចាត់វិធានការទប់ស្កាត់ឲ្យបាននូវការរីករាលដាល នៃជំងឺកូវីដ១៩ នៅតាមសហគមន៍៕