(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួម ពីថ្នាក់ដឹកនាំពាក់ព័ន្ធ ប្រមាណ៩០នាក់។
លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា គណៈបញ្ជាការឯកភាព គឺជាបញ្ជាការឯកភាពតែមួយដែលមានការចូលរួម ពីមន្ទីរ អង្គភាពកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទូទាំងខេត្ត។ ដូច្នេះកិច្ចប្រជុំពេលនេះ គឺការរួមគ្នាពិនិត្យ ពិភាក្សារាល់បញ្ហា ដែលកើតឡើងនៅក្នុងភូមិសាស្ត្រដែលខេត្តគ្រប់គ្រង ដើម្បីតម្រូវឲ្យអ្នកពាក់ព័ន្ធ រាយការណ៍ពីបញ្ហាប្រឈមទាំងឡាយនោះ សម្រាប់អនុវត្តសកម្មភាពដោះស្រាយឲ្យបានព្រមគ្នាគ្រប់បែបយ៉ាង ចំពោះបញ្ហាទាំងឡាយ ដែលកើតឡើង សំដៅធ្វើឲ្យល្អប្រសើរ និងមានប្រសិទ្ធភាព។
រីឯពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិញ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ខេត្តកំពតជាខេត្តមួយដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម តាមរយៈព្រំដែនទឹក ព្រំដែនគោក ឬបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងរឿងដីធ្លី ដែលស្ថិតនៅក្នុងរង្វង់ដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលខេត្តនោះ គឺលោកអភិបាលខេត្ត ក៏បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ពីបញ្ហាទាំងអស់ខាងលើនេះព្រោះថា កន្លងមកសកម្មភាពដែលកើតនៅក្នុងបណ្ដា ក្រុង ស្រុកនោះ គឺគណៈបញ្ជាការឯកភាពក្រុង ស្រុក តែងតែបានចាត់ការធ្វើសកម្មភាពផ្ទាល់ ប៉ុន្តែបើសិនធ្វើការដោះស្រាយពុំទទួលបានលទ្ធផលទេ ត្រូវរាយការណ៍មកខេត្ត ដើម្បីសហការគ្នាអនុវត្តធ្វើកិច្ចការងារនេះ ដោយធ្វើយ៉ាងណាដោះស្រាយ ឲ្យបានល្អប្រសើរនិងមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យថ្នាក់ដឹកនាំតាមមន្ទីរ ស្ថាប័ន អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានកាន់តែប្រសើរថែមទៀត ពិសេសថ្ងៃឈប់សម្រាកដែល រាជរដ្ឋាភិបាលអនុញ្ញាតជំនួសដោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ដែលរំខានដោយជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែសីហា ២០២០នេះ ត្រូវរួមសហការគ្នាឲ្យបានល្អ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលជនល្មើសតែងឆ្លៀតឱកាសក្នុងពេលថ្ងៃឈប់សំរាកព្រមទាំងបន្តផ្សព្វផ្សាយអប់រំណែនាំឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តនូវចំណាត់ការរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃពិសេសពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ឲ្យបានកាន់តែល្អប្រសើរចៀសផុតពីការចម្លងក្នុង សហគមន៍មូលដ្ឋាននិមួយៗ ក្នុងខេត្តកំពតឲ្យបានដាច់ខាត៕