អត្តបទបកប្រែក្រៅផ្លូវការ ពីគេហទំព័រក្រសួងការបរទេស សហរដ្ឋអាមេរិក, (ភ្នំពេញ)៖ សាយ័ន្តសួស្តីអ្នកទាំងអស់គ្នា ! ខ្ញុំពិតជាមានក្តីសោមនរីករាយជាខ្លាំង ក្នុងការវិលត្រឡប់មកកាន់រាជធានីភ្នំពេញសារជាថ្មី ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិកជាលើកដំបូង។ យ៉ាងនេះក្តី ខ្ញុំក៏ធ្លាប់ធ្វើដំណើរមកកាន់ប្រទេស កម្ពុជា កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ក្នុងលក្ខណៈជាឯកជនផងដែរ។ ខ្ញុំពិតជាមានក្តីរីករាយជាខ្លាំង សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការធ្វើជាដៃគូ ដើម្បីដោះស្រាយបញ្ហារួមគ្នា ដែលយើងធ្លាប់បានជួបប្រទះនាពេលកន្លងមក។
កាលពីប៉ុន្មានឆ្នាំមុន គឺក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំធ្លាប់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាច្រើនលើកផងដែរ ក្នុងនាមជាសមាជិកនៃគណកម្មាធិការទំនាក់ទំនង ការបរទេស សភាសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយស្វែងរកមធ្យោបាយដើម្បីឲ្យ មេដឹកខ្មែរក្រហមទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ជីវិតមនុស្ស អស់ជិតពីរលាននាក់។
នៅក្នុងពេលនោះ ខ្ញុំបានធ្វើការរួមគ្នាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបង្កើតរចនាសម្ព័ន្ធអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា។ ហើយនៅបំផុតអាចឲ្យយើងស្វែងដំណោះស្រាយទៅលើភាពជាប់គាំង ក្នុងស្វែងរកអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋក្នុងសម័យប៉ុលពត។ យ៉ាងនេះក្តីមិនមែនមានន័យថា ជនបង្កគ្រប់រូបសុទ្ធតែបានទទួលខុសត្រូវចំពោះមុខតុលាការទៅលើបទឧក្រិដ្ឋទាំងនោះឡើយ។
ជាក់ស្តែងលោក ប៉ុលពត និងបុគ្គលសំខាន់ៗជាច្រើនរូបបានស្លាប់បាត់បង់ជីវិត តាំងពីមុនកាត់ទោសទៅទៀត។ ប៉ុន្តែសម្រាប់អ្នកដែលនៅរស់រានមាន ជីវិត និងកំពុងជាប់ឃុំឃាំងក្នុងពេលបច្ចុប្បន្ន នឹងទទួលខុសត្រូវចំពោះបញ្ហានេះ។
ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលវិលត្រឡប់មកទីនេះម្តងទៀតក្នុងឆ្នាំ២០១៦នេះ ដោយកម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើន អាចរំដោះខ្លួនចេញពីស្ថានភាពលំបាក ដោយកាលពីមុន ពួកគេអាចប្រាក់ចំណូលបានទាបបំផុត។
គួររំលឹកថា ខណៈដែលខ្ញុំធ្វើដំណើរមកទីនេះជាលើកដំបូង រាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណត្រឹមតែ ៣៥០ពាន់នាក់ប៉ុណ្ណោះ ស្ថានភាព សេដ្ឋកិច្ច ស្ថិតក្នុងភាពលំបាកដោយសារសង្គ្រាមរ៉ាំរ៉ៃ។ តែបច្ចុប្បន្ន ភ្នំពេញមានប្រជាពលរដ្ឋរហូតដល់២,២លាននាក់ ទីក្រុងទាំងមូលពោរពេញ ដោយមន្ទីរពេទ្យទំនើបៗ អាគារខ្ពស់ៗ ថាមពលប្រើប្រាស់គ្រប់គ្រាន់ និងមានភ្ញៀវទេសចរណ៍ច្រើនសន្ធឹកសន្ធាប់មកទស្សនាកំសាន្ត។
ខ្ញុំក៏មានការភ្ញាក់ផ្អើលផងដែរ ចំពោះការវិវឌ្ឍ និងការបោះជំហានទៅមុខក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងថ្ងៃនេះ (ថ្ងៃទី២៦ ខែមករា) ខ្ញុំបានធ្វើកិច្ចជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។ ជាមួយគ្នា្ននេះដែរ ខ្ញុំក៏បានជួបជាមួយលោក កឹម សុខា ដែលជាមន្រ្តីជាន់ខ្ពស់សំខាន់របស់បក្សប្រឆាំងផងដែរ។ ខ្ញុំក៏បានចំណាយពេលខ្លះជាមួយសមាជិកសង្គមស៊ីវិល ព្រមទាំងយុវជនកម្ពុជាដែលកំពុងបំពេញការងារយ៉ាងស្វាហាប់ ក្នុងបញ្ហាកំណែទម្រង់ដីធ្លី បរិស្ថាន ថាមពលការទប់ស្កាត់ការកាប់បំផ្លាញ ព្រៃឈើជាដើម។ ហើយរាល់កិច្ចជំនួបទាំងនេះ ខ្ញុំបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក នឹងប្តេជ្ញាបន្តទំនាក់ទំនងជាមួយកម្ពុជា។
សហរដ្ឋអាម៉េរិកក៏សូមប្តេជ្ញាផងដែរថា នឹងកសាងទំនាក់ទំនងជាមួយកម្ពុជាក្នុងការកម្ពស់លើវិស័យនានាដូចជា ការអប់រំ សុខាភិបាល និងវប្បធម៌ជាដើម។
នៅព្រឹកមិញនេះ (ថ្ងៃទី២៦ ខែមករា) ខ្ញុំបានធ្វើទស្សនកិច្ចនៅសារៈមន្ទីរវប្បធម៌ជាតិ ដែលបានបង្ហាញនូវវត្ថុបុរាណមួយចំនួនដែលទើបតែបញ្ជូនត្រឡប់ មកពីសហរដ្ឋអាម៉េរិក។ សារៈមន្ទីរជាតិ ជាទ្រព្យសម្បត្តិ និងធនធានដ៏មានតម្លៃ ដែលអាចពណ៌នាអំពីរឿងរ៉ាវនៃការវិវឌ្ឍន៍របស់ មនុស្សជាតិក្នុងសម័យប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយរបស់ពិភពលោក។ ផ្តោតទៅលើបញ្ហាប្រជាធិបតេ្យវិញ សហរដ្ឋអាម៉េរិក ក៏ដូចជាពិភពលោកទាំងមូលសង្ឃឹមថា កម្ពុជានឹងបានស្គាល់ច្បាស់ពីអត្ថប្រយោជន៍ នៃការរីកចម្រើនទៅមុខនៃលទ្ធិប្រជាធិបតេយ្យ។
បច្ចុប្បន្នរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគោរពសិទ្ធមនុស្ស សេរីភាព និងភាពជាអ្នកដឹកនាំល្អ។ ការបោះជំហានទៅមុខក្នុងផ្នែកនីមួយៗខាងលើ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក៏ជាក្តីសង្ឃឹម និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ថ្ងៃនេះ ខ្ញុំក៏បានធ្វើកិច្ចពិភាក្សាជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បីឆ្លើយតប បញ្ហាភេរវកម្ម។ ភាគីទាំងពីរបានយល់ឃើញស្របគ្នាថា នេះគឺជាបញ្ហាអទិភាពមួយក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសទាំងអស់លើពិភព លោកក្នុងពេលបច្ចុប្បន្ន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមសម្ព័ន្ធមិត្តដែលកំពុង ធ្វើការរួមគ្នាដើម្បីទប់ទល់នឹងពួកឧទ្ទាម។ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញការ ស្វាគមន៍ចំពោះវត្តមានរបស់ក្រុមការងារ និងអ្នកជំនាញ សហរដ្ឋអាម៉េរិក មកកាន់កម្ពុជាដើម្បីបង្ហាញ និងផ្លាស់ប្តូរមតិយោបល់លើបញ្ហានេះ។ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជម្រុញយុទ្ធនាការទប់ទល់ភេរវករ តាមរយៈការលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំអាស៊ាន ហើយប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងចូលរួមពិភាក្សាបញ្ហានេះឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងពេលខាងមុខ។
មិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកក៏នឹងប្តេជ្ញាផងដែរ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ កន្លងមកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។ យើងមានទស្សនៈស្របគ្នាថា វាពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការមានដៃគូពាណិជ្ជកម្មជាច្រើន។ ខ្ញុំគិតថា វាជារឿងដ៏សំខាន់ ដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន។
ថ្មីៗនេះ យើងកំពុងត្រៀមរៀបចំកិច្ចចរចាដោយផ្តោតទៅលើបញ្ហាពាណិជ្ជកម្ម និងវិនិយោគទុន ដែលនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ។ យើងនឹងបន្តស្វែងរកមធ្យោបាយដើម្បីលុបបំបាត់អំពើពុករលួយ និងពង្រឹងការគោរពច្បាប់ក្នុងប្រទេសកម្ពុជា ដែលវាក៏ជាផ្នែកមួយក្នុងការជម្រុញ វិស័យសេដ្ឋកិច្ចផងដែរ។
កន្លងមកសហរដ្ឋអាម៉េរិក បានធ្វើការយ៉ាងជិតស្និតជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ វិស័យសុខាភិបាល និងស្បៀងអាហារ។ សហរដ្ឋអាមេរិក បានបញ្ជូនក្រុមអ្នកស្ម័គ្រចិត្ត Peace Corps មកកាន់ប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ យើងបានសហការណ៍គ្នាដើម្បីការអភិវឌ្ឍន៍ប្រកបដោយចេរភាព ទៅលើបញ្ហាទន្លេមេគង្គ។ ជាមួយគ្នានេះដែរ ក្រុមការងាររបស់យើងនឹងនៅតែ បន្តជួយស្វែងរក បណ្តាយោធាដែលបានបាត់ដំណឹងក្នុងសម័យសង្គ្រាមនៅវៀតណាម។ អ្វីដែលសំខាន់នោះគឺសំណល់ពីសង្គ្រាមដូចជា អាវុធយុទ្ធភ័ណ្ឌផ្សេងៗ បានបង្កក្តីបារម្ភជាខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារវានៅតែបន្តឆក់យកអាយុជីវិត ឬធ្វើឲ្យមនុស្សពិការអស់ ជាច្រើននាក់នាពេលកន្លងមក។ បញ្ហានេះ បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងរបៀបវីរៈរបស់សហរដ្ឋអាមេរិកសម្រាប់លើកយកមកពិភាក្សា ខណៈដែលបេសកកម្មរបស់យើងមិនទាន់រួចរាល់នៅឡើយ ហើយយើងនឹងបន្តប្តេជ្ញាដោះស្រាយបញ្ហានេះ ក្នុងពេលណាមួយជាក់ជាមិនខាន។
ដោយហេតុនេះហើយ បានជាសហរដ្ឋអាមេរិក បន្តធ្វើការសហការណ៍ជាមួយកម្ពុជា ដើម្បីបញ្ឈប់បញ្ហាទាំងនេះ និងដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរ ខុសស្រឡះពីសម័យសង្គ្រាម។ វាក៏ជាហេតុផលដែលជម្រុញសហរដ្ឋអាមេរិក បន្តធ្វើទំនាក់ទំនងជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងបានជម្រុញឲ្យភាគីទាំងពីរឲ្យប្រឹងប្រែងរួមគ្នាផងដែរ។
ជាចុងបញ្ចប់ ខ្ញុំសូមបញ្ជាក់អះអាងថា សហរដ្ឋអាមេរិកពិតជាមានមោទនភាពជាខ្លាំងក្នុងការដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហើយយើងមានបំណងចង់រក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅនេះ ជាបន្តទៀតក្នុងពេលអនាគត។ ហេតុនេះហើយបានជាខ្ញុំមានវត្ថមាននៅទីនេះ នៅក្នុងថ្ងៃនេះ។ ខ្ញុំគិតថានេះជាលើកទី៧ ឬទី៨ហើយ នៃដំណើរទស្សនកិច្ចនៅតំបន់នេះក្នុងនាមជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក ហើយវាក៏មិនមែនដំណើរទស្សនកិច្ចលើកចុងក្រោយ សម្រាប់ឆ្នាំ២០១៦នេះផងដែរ។
សហរដ្ឋអាមេរិក សូមប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការណ៍ក្នុងភាពដៃគូជាមួយប្រទេស កម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានទាំងអស់ លើបញ្ហាជាមូលដ្ឋានទាំងក្នុងថ្នាក់តំបន់ និងសកលលោក។ យើងនឹងបន្តធ្វើកិច្ចពិភាក្សាជាបន្តទៀត ដើម្បីបោះជំហានខាងមុខ ក្នុងគោលដៅកសាងទំនាក់ទំនងរួមគ្នា។ សូមថ្លែងអំណរគុណជាខ្លាំងចំពោះអ្នកទាំងអស់គ្នា។ សូមអគុណ។
«អត្តបទបកប្រែក្រៅផ្លូវការ ពីគេហទំព័រក្រសួងការបរទេស សហរដ្ឋអាមេរិក»
លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖២០ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ច សម្រេចតាមការគ្រោងទុករបស់ខ្លួន រយៈពេល២ថ្ងៃនៅកម្ពុជា៕