(ត្បូងឃ្មុំ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដែលបានចូលដល់ក្នុងសហគមន៍ជនបទ ហើយសម្តេចបានជំរុញដល់ អាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន ស្របជាមួយវិធានការក្នុងការការពារជំងឺកូវីដ-១៩ ផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩ មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្រ្ជាបដល់ជនបទហើយ។ ខ្ញុំបានពិនិត្យ របាយការណ៍ប្រចាំថ្ងៃរបស់ខេត្តទាំងអស់ គឺខ្ញុំកត់សម្គាល់បញ្ហាទាំងប៉ុន្មាននឹងទេ ជាពិសេស បញ្ហាគ្រឿង បញ្ហាចរាចរណ៍»។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀន រាលដាលក្នុងសហគមន៍កាន់តែខ្លាំងនាំឱ្យពិបាកធ្វើទប់ស្កាត់។ សម្ដេចថ្លែងថា នាពេលកន្លងមក អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើយ៉ាងច្រើនផងដែរ។
ទន្ទឹមនឹងការលើកឡើងអំពីបញ្ហាគ្រឿងញៀនេះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពីជំងឺកូវីដ១៩។ សម្ដេចបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជនបទឡើយ ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ គ្រប់ពេលវេលា។ សម្ដេចបន្ថែមថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលដែនដី ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួន បានរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩។ ទោះបីយ៉ាងណាក៏ដោយ ជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេ ដូច្នេះបន្ដទប់ស្កាត់ជំងឺ កូវីដ-១៩ បន្ថែមទៀត៕