(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិអន្លុង ភូមិបឹងក្រចាប់ត្បូង និងភូមិបឹងក្រចាប់ជើង និងភូមិព្រែកតាមាក់ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បានត្រេកអរយ៉ាងខ្លាំង នៅពេលដែលមានសប្បុរសជនម្នាក់ឈ្មោះ ពោច សួរ បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាសគ្រួសថ្មជាច្រើនខ្សែ លូខ្វាត់ខ្វែងរំដោះទឹក កាយប្រឡាយរាប់រយម៉ែត្រ និងកសាងសាលាបុណ្យនានាសំរាប់សហគមន៍រីកចំរើន ដែលនេះជាទឹកចិត្តសប្បុរសកម្ររកបានដែលលោក ពោច សួរ បានបរិច្ចាគទឹកចិត្តជួយដល់អ្នកភូមិ រំលែកទុក្ខលំបាករបស់ពួកគាត់។
អ្នកភូមិជាច្រើននាក់ បានសំដែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាពដែលដឹកនាំប្រទេសជាតិឱ្យរីកចំរើន មានសុខសន្តិភាព ទើបស្រុកទេសយើងសំបូរសប្បាយ មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់ ខណៈជាក់ស្ដែងនេះ សប្បុរសជនដែលមានសទ្ធាជ្រះថ្លាលោក ពោច សួរ បានចំណាយថវិកាយ៉ាងច្រើនរបស់លោកក្នុងជួយកសាង និងអភិវឌ្ឍន៍ក្នុងភូមិដែលនេះជាគម្រូល្អមួយ ដោយសង្ឃឹមថា នឹងមានសប្បុរសជនានាផ្សេងទៀតមានចិត្តជួយដូចលោក ពោច សួរដែរ ។
ទន្ទឹមនឹងការថ្លែងអំណរគុណរបស់ពលរដ្ឋ លោក ពោច សួរ បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា លោកសូមអរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិពីបាតដៃទទេរហូតមកដល់មានការអភិវឌ្ឍន៍ រីកចំរើនយ៉ាងដូច្នេះ ហើយវិស័យសេដ្ឋកិច្ចក៍រីកលូតលាស់ល្អ ទើបជាឱកាសដល់លោករកស៊ីបន្តិចបន្តួច ហើយកាត់យកភាគលាភខ្លះយកមកជួយដល់អាជ្ញាធរ និងពិសេសជួយដល់ពលរដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវជាច្រើនខ្សែ កសាងបណ្ដាញលូរំដោះទឹក និងកសាងសាលាបុណ្យផងដែរ ដែលថវិការចំណាយសរុបអស់ជិត ១៥ម៉ឺនដុល្លាឯណោះ។
លោកបន្តថា ទន្ទឹមនឹងការសំណូមពររបស់ប្រជាពលរដ្ឋដែលទទូចសុំឱ្យជួយដាក់ប្រព័ន្ធលូ នៅតាមផ្លូវមូយចំនួនផ្សេងទៀតដែលលិចទឹកខ្លាំងពេលមានភ្លៀងធ្លាក់ម្ដងៗ លោក ពោច សួរ ថានឹងបន្តជួយផងដែរ ដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងទិសដៅ អភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចំរើនឡើងទៅមុខជាលំដាប់។
ទន្ទឹមនឹងការរីចំរើននេះដែរ មេឃុំព្រែកតាមាក់ លោក ឆាយ សឺន បានសំដែងសប្បាយចិត្តព្រោះបានសប្បុរសជនជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានដែលនេះសបញ្ជាក់ឱ្យ ឃើញពីតម្លៃនៃទឹកចិត្តរបស់លោក ពោច សួរ ដែលតែងតែឆ្លើយតបភ្លាមៗនឹងការស្នើរសុំរបស់អាជ្ញាធរ និងពលរដ្ឋ ខណៈកាយវិការមនុស្សធម៌ល្អឯកនេះ ជាគម្រូល្អប្រសើរបំផុតនៅក្នុងសង្គមយើង ហើយក៍សង្ឃឹមថា នឹងមានសប្បយរសជនបន្តបន្ទាប់ទៀតនឹងមានចិត្តជួយដូចលោក ពោច សួរនេះដែរ។
លោកមេឃុំក៏សំណូមពរអ្នកប្រើប្រាស់ផ្លូវទាំងអស់ ពិសេសក្រុមអ្នកបើឡានដឹកដីផ្សេងៗ ជាច្រើនដែលដឹកបរលើផ្លូវក្នុងភូមិ សូមចូលរួមថែរក្សាផ្លូវទាំងអស់គ្នា កុំដឹកលើសទម្ងន់ដែលបង្ករឱ្យផ្លូវខូចខាត ខាតប្រយោជន៍ទាំងអស់គ្នា៕