(បាត់ដំបង)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើលោកគ្រូ អ្នកគ្រូ នៅតាមសាលាមតេយ្យសិក្សា និងតាមសាលាបង្រៀនទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងការពារការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ពិសេសជារក្សាអនាម័យស្អាតជាប្រចាំដល់កុមារតូចៗ គឺត្រូវអនុវត្តជាប្រចាំដោយឱ្យកុមារពាក់ម៉ាស់លាងដៃនឹងសាប៊ូជាដើម។
ការផ្តាំផ្ញើបែបនេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា នៃសាលាមតេយ្យសិក្សាធនធាន ក្រុងបាត់ដំបង១ ខ្នង២ ជាន់៥ បន្ទប់ ដែលក្រោមជំនួយហិរញ្ញប្បទានរបស់ក្រសួងការបរទេស នៃប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពីលោក តេស៊ូកា កូជី ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការសន្តិស្ម័គ្រចិត្ត SVA លោក មីតូរី ណាអូគី ប្រធានកុងស៊ុល ប្រចាំខេត្តសៀមរាប និងប្រតិភូលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ចូលរួមផងដែរ។
បន្ទាប់ពីសុន្ទរកថារបស់លោក ងួន រតនៈ និងសុន្ទរកថារបស់លោក តេស៊ូកា កូជី ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការសន្តិស្ម័គ្រចិត្ត (SVA) លោក មីតូរី ណាអូគី ប្រធានកុងស៊ុល ប្រចាំខេត្តសៀមរាបរួចមក។ លោកបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន បានថ្លែងថា ដោយសារកំណើនកុមារតូចៗមានកាន់តែច្រើនហើយ ទើបមន្ទីរអប់រំ និងរដ្ឋបាលខេត្តក៏ដូចជា៖ ក្រសួងអប់រំ បានស្វែងរកដៃគូជំនួយ ដើម្បីពង្រីកកសាងសាលាមតេយ្យធនធានក្រុងបាត់ដំបង ដែលត្រូវបានសម្ពោធនាពេលនេះ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជប៉ុន (MoFA) ដែលមានការសម្របសម្រួលពីអង្គការ (SVA) ដោយបានផ្តល់ហិរញ្ញ ប្បទាន នៃប្រទេសជប៉ុនរួចមក ទើបក្រសួងអប់រំ បានទទួលជំនួយនេះនិងផ្តល់បន្តយកមកកសាងអគារសាលាមតេយ្យសិក្សាធនធាននេះចំនួន១ខ្នង ២ជាន់ មាន៥បន្ទប់ បណ្ណាល័យ១ បន្ទប់ទឹក១ និងបំពាក់គ្រឿងសង្ហារឹម សៀវភៅសិក្សាទៀត។
លោកបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តដែលតែងតែបានកិច្ចសហការ និងគាំទ្រនូវគម្រោងផ្សេងៗ ពិសេសគម្រោងពាក់ព័ន្ធក្នុងវិស័យអប់រំ នៅតាមមូលដ្ឋានរហូតមក។ ក្នុងឱកាសនោះរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានជូនបណ្ណសសើរដល់លោកគ្រូ អ្នកគ្រូមតេយ្យសិក្សា និងចូលទស្សនាសមិទ្ធផលរួចថតរូបទុកអនុស្សាវរីយ៍ផងដែរ៕