(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបានសម្រេចរួចហើយថា នឹងបង្កើតច្រកចេញ-ចូលតែមួយ ក្នុងការផ្ដល់នូវសេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋចំនួន១០សង្កាត់នៅរាជធានីភ្នំពេញ ហើយបើការងារនេះ ទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃនឹងពង្រីកសេវាកម្មនេះឱ្យបានទូទាំងរាជធានី និងទូទាំងប្រទេសតែម្ដង។
នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ ចំពោះការផ្ដល់សេវាផ្នែកអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ កង សុខន បានបញ្ជាក់ថា គោលបំណងដែលរៀបចំឲ្យមានកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រីកយន្តការច្រកចេញ ចូលតែមួយនៅថ្នាក់មូលដ្ឋានលើសេវាកម្មផ្ដល់ អត្តសញ្ញាណកម្មចំនួន១០សង្កាត់ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុង១០សង្កាត់នោះ យើងគ្រោងជ្រើសរើសយកសង្កាត់ចំនួន៥ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និង៥សង្កាត់ទៀតជាសង្កាត់ ដែលមានមន្ត្រីរាជការរស់នៅច្រើន។ ចំពោះសេវាដែលយើងត្រូវផ្ដល់ជូនប្រជាពលរដ្ឋនោះ មានចំនួន ៥សេវា ក្នុងនោះរួមមាន៖ សេវាកម្មចុះបញ្ជីចម្លងសំបុត្រអត្រានុកូលដ្ឋាន សេវានៃការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាណប័ណ្ណ និងសេវាផ្តល់លិខិតបញ្ជាក់លំនៅដ្ឋានបណ្ដោះអាសន្នជាដើម។
លោកក៏បានបញ្ជាក់ផងដែរថា មុននៃការអនុវត្តនូវគម្រោងនេះ ក្រសួងមហាផ្ទៃ បានធ្វើកិច្ចការនេះរួចហើយ នៅសង្កាត់ចំនួន១០នៅក្នុងខេត្តកែប និងខេត្តកំពត ហើយនៅពេលនេះយើង បានសម្រេចបន្តពង្រីកនូវយន្តការនេះនៅរាជធានីភ្នំពេញបន្តទៀត គឺគោលបំណងចង់បង្ខិតសេវានេះឲ្យកាន់តែកៀកកិតជាមួយនឹងប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ជាគោលការណ៍កិច្ចការអត្តសញ្ញាណកម្មត្រូវបានបញ្ចូលជាការងារសំខាន់។ ប៉ុន្តែការងារទាំងនេះនៅមិនទាន់បានដាក់បញ្ចូលទៅក្នុងសេវាកម្ម ដែលត្រូវបានបម្រើជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយថ្នាក់រាជធានី ឬការិយាល័យច្រកចេញចូលតែមួយថ្នាក់ខណ្ឌ និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញនៅឡើយទេ។ ដូច្នេះតាមរយៈកិច្ចប្រជុំនេះ ប្រសិនបើកិច្ចការអត្តសញ្ញាណកម្មត្រូវបានថ្នាក់ជាតិបង្ខិតសេវាឱ្យនៅកៀកជិតប្រជាពលរដ្ឋស្ថិតក្រោមសមត្ថកិច្ចរបស់សង្កាត់ក្នុងរាជធានី លោកយល់ថា វាជាចំណុចវិជ្ជមានស្របតាមគោលនយោបាយ កែទម្រង់រដ្ឋបាលសាធារណៈ និងកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការព្រោះថា ច្រកចេញចូលតែមួយគឺជាការប្រមូលផ្ដុំសេវានៅ នឹងកន្លែងតែមួយនឹងត្រូវផ្ដល់ជូនប្រកបដោយប្រសិទ្ធភាពតម្លាភាពឆាប់រហ័ស និងបង់ថ្លៃសេវាទៅតាមការកំណត់ដោយក្រសួងស្ថាប័នថ្នាក់ជាតិ៕