(កណ្តាល)៖ លោក ណុប រ័ត្ននិមល បានថ្លែងថា ថ្នាក់ដឹកនាំ ឬបុគ្គលណាមួយដែលបានខិតខំស្វែងរកសុខសន្តិភាពទទួលបានជោគជ័យជូនប្រទេសជាតិ និងប្រជាពលរដ្ឋគេចាត់ទុកថា ជាវីរៈបុរសរបស់មនុស្សជាតិ ប្រសិនបើបុគ្គលណាដែលបំផ្លាញសេចក្តីសុខ និងសន្តិភាពរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្រ្គាម និងគ្រោះមហន្តរាយគេចាត់ទុកជាទមិឡរបស់មនុស្សជាតិ។
លោក ណុប រ័ត្ននិមល និងលោកស្រីតំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័កស្ថិតនៅក្នុងឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៣ ខែសីហា។
លោក ណុប រ័ត្ននិមល បានបន្តថា ប្រជាជនកម្ពុជាបានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងជាជាវីរៈជនរបស់កម្ពុជាក្នុងប្រវត្តិសាស្រ្ត។
សម្ដេចតេជោ ហ៊ុន សែន និងវីរៈជនអ្នកស្នេហាជាតិព្រមទាំងប្រតិបត្តិករសន្តិភាពជាច្រើនរូប បានខិតខំស្វែងរកសន្តិភាពឆ្លងកាត់ការលំបាកគ្រប់ជំពូកគ្រប់ឧបសគ្គ បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជន។ រហូតដល់ពេលនេះប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពិតប្រាកដ ជាមូលដ្ឋានគ្រឹៈដ៏សំខាន់ឈានទៅរកវឌ្ឍនភាព ជឿនលឿនរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ លើពិភពលោកសន្តិភាពនៅកម្ពុជានឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈកុំឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។
ក្នុងនាមលោកបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ណុប រ័ត្ននិមល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារបន្តចុះជួយតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ដាប់សំណូមពរបញ្ហាប្រឈមនានាដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការ របស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរលោក ណុប រ័ត្ននិមល និងលោកស្រី បាននាំមកនូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូន យាយជីតាជីលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធកាកបាទក្រហមកម្ពុជា «ខ៤» ប្រជាពលរដ្ឋសាលាស្រុក ក្រុមប្រឹក្សាឃុំនិងសាលាឃុំ១៣ឃុំ គណៈកម្មការអាចារ្យវត្ត និងប្រជាការពារអាជ្ញាធរកងកម្លាំង៣ប្រភេទ មានក្រណាត់ស ក្រមា និងថវិការមួយចំនួន និងបាននាំយកបច្ច័យពីដង្ហែអង្គផ្កាប្រាក់ ៥០លានរៀល និងសម្ភារមាន អង្ករ២០០គក្រ ប៊ីចេង៥គក្រ ត្រីខ ១កេសមី ១០កេសធំ ទឹកដោះគោ ១កេសធំ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ទឹកត្រី ២យួរទឹកត្រី ២យួរ សម្រាប់ប្រគេនវត្តក្រាំងគម្ពីរព្រមទាំងបានទទួលសំណូមពរជួយជួសជុលផ្លូវលំ១ខ្សែ ប្រវែង ២១០០មក្រាលថ្មមិកផងដែរ៕