(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា។
កិច្ចពិភាក្សាតុមូលនេះ បានធ្វើឡើងក្រោមអធិបតិភាពលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីវាគ្មិនមកពីក្រសួងពាក់ព័ន្ធ ក្រសួងអប់រំ, ក្រសួងផែនការ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមន្រ្តីស្រាវជ្រាវ និងនិស្សិតយ៉ាងច្រើនផងដែរ។
លោកបណ្ឌិត ហ៊ាន សុខុម បានថ្លែថា ក្នុងសម័យសកលភាវូបនីយកម្ម ការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសាធារណនាមខ្មែរមានភាពចាំបាច់។ ក្នុងជីវភាពប្រចាំថ្ងៃ ការប្រើប្រាស់ឈ្មោះជាអក្សរឡាតាំងក៏ចាំបាច់ណាស់ដែរ ក្នុងការធ្វើលិខិតអត្រានុកូលដ្ឋាន លិខិតឆ្លងដែនជាដើម។ ម្យ៉ាងទៀត តម្រូវការសរសេរឈ្មោះខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជាអក្សរឡាតាំងក៏មានភាពចាំបាច់ដូចគ្នា។
លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា កន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរ មិនទាន់មានឯកភាពគ្នានៅឡើយទេ។ ចំពោះការកត់សូរ ឈ្មោះខេត្តតាកែវ មានសំណេរដោយប្រើអក្សរឡាតាំងច្រើនបែប «Takeo» «Takaev» និង «Takev» រីឯឈ្មោះខេត្តក្រចេះ មានសំណេរដោយប្រើអក្សរឡាតាំង «Kratie» និង «Krachech»។ ហេតុនេះកិច្ចពិភាក្សាតុមូលនេះ នឹងបង្ហាញដល់សាធារណជនអំពីប្រវត្តិ ទំនោរ និងបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងការប្រើអក្សរឡាតាំង សម្រាប់សរសេរអសាធារណនាម និងសំណើដំណោះស្រាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
លោកបណ្ឌិត រំពឹងថា បន្ទាប់ពីកិច្ចពិភាក្សានេះ នឹងទទួលបានមតិយោបល់ និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការប្រើប្រាស់អក្សរឡាតាំង សម្រាប់សរសេរអសាធារណនាម ដើម្បីពង្រីកគំនិត និងទស្សនៈក្នុងការកែលម្អ និងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ជនជាតិខ្មែរ ដែលជាម្ចាស់ភាសាអាចទទួលយកបានដោយសុទ្ធចិត្ត៕